ដោយវុត្ថា
ភ្នំពេញ៖ កម្ពុជា-ថៃត្រៀមបើកច្រកព្រំដែនបណ្ដោះអាសន្នត្រង់ចំណុចស្ទឹងបត់ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នៃទឹកដីព្រះរាជាណាចក្រកម្ពុជា និងបានណងអៀន ខាងទឹកដីថៃ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។

នេះ បើយោងតាមកិច្ចប្រជុំស្ដីពីគណៈកម្មាធិការទទួលបន្ទុករៀបចំសេចក្ដីព្រាងកិច្ចព្រមព្រៀងលើកទី២ ពាក់ព័ន្ធនឹងការប្រើប្រាស់ ការគ្រប់គ្រង និងការថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ រវាង លោក ហេង រ័ត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការកម្ពុជា និងលោក Apichart Junratasup អនុប្រធាននាយកដ្ឋានផ្លូវល្បឿនលឿនរបស់ថៃ។
លោក ហេង រ័ត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ បានស្នើឱ្យភាគីថៃពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ដូចជារចនាសម្ព័ន្ធគ្រប់គ្រងទំនិញ នៃស្ថាប័នពាក់ព័ន្ធដូចជា៖ ស្ថាប័នគយ ស្ថាប័នអន្តោប្រវេសន៍ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ដើម្បីសម្រួលដល់ការគ្រប់គ្រងការដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព។
លោក Apichart Junratasup អនុប្រធាននាយកដ្ឋានផ្លូវល្បឿនលឿន ស្នើសុំរយៈពេលប្រមាណ១២ខែ ដើម្បីរៀបចំហេដ្ឋារចនាស្ព័ន្ធផ្លូវថ្នល់ អាគាររដ្ឋបាល និងរចនាសម្ព័ន្ធគ្រប់គ្រងដទៃទៀតផងដែរ។
ច្រកទ្វារអន្តរជាតិស្ទឹងបត់នេះមានទីតាំងស្ថិតនៅប្រមាណ ៧ គីឡូម៉ែត្រពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយគម្រោងនេះរួមមាន ការសាង់សង់ស្ពាន ការសាងសង់អគារត្រួតពិនិត្យ និងការសាងសង់ច្រកទ្វា ដែលបច្ចុប្បន្នសំណង់ស្ពានគឺរួចរាល់ហើយ ចំណែកឯសំណង់ដែលនៅសល់គឺគ្រោងនឹងបញ្ចប់នៅឆ្នាំនេះ។

ច្រកទ្វារអន្តរជាតិខ្មែរ-ថៃ ស្ទឹងបត់ជាផ្នែកមួយនៃគម្រោងកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃ សម្រាប់អភិវឌ្ឍច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ក្រោមទឹកប្រាក់ប្រមាណ ២៦,៥លានដុល្លារអាមេរិក។
ច្រកទ្វារអន្តរជាតិមួយនេះនឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលចរាចរណ៍របស់ រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ និងជួយកាត់បន្ថយការកកស្ទះ នៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្ន ហើយរថយន្តដឹកទំនិញ នឹងតម្រូវឱ្យឆ្លងកាត់ច្រកថ្មីនេះ ដើម្បីពិនិត្យ បំពេញសំណុំបែបបទផ្លូវការ និងបង់ពន្ធគយ៕






