ដោយ ប៊ី
ភ្នំពេញៈ ប្រតិបត្ដិការលក់រាយមួយចំនួនរបស់ក្រុមហ៊ុនយក្សអាមេរិក Apple នៅប្រទេសចិនបានដាក់ឱ្យដំណើរឡើងវិញ បន្ទាប់ពីបានបិទទ្វារដែលទាក់ទងនឹងផ្ទុះឡើងនៃជំងឺឆ្លង COVID-19។ នេះបើយោងតាមសារព័ត៌មានCNBC ចុះផ្សាយនៅថ្ងៃនេះ។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Apple ហាងលក់រាយចំនួន២៩ ក្នុងចំណោមហាងលក់រាយចំនួន៤២របស់ក្រុមហ៊ុនApple នៅចិនដីគោកបានបើកដំណើរការឡើងវិញ ទោះបីមានហាងជាច្រើនដំណើរការនៅម៉ោងកំណត់ក៏ដោយ។ កាលពីដើមខែនេះ Apple បានបិទហាង និងការិយាល័យសាជីវកម្មរបស់ខ្លួនទាំងអស់ នៅប្រទេសចិនជាបណ្តោះអាសន្ន ដោយសារការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្លូវដង្ហើមថ្មីនេះ។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន Appleបានព្រលយឲ្យដឹងថា ខ្លួននឹងខាតបង់ចំណូលប្រមាណពី៦៣ពាន់លានដុល្លារ ទៅ៦៧ពាន់លានដុល្លារ នៅត្រីមាសទី១ គិតត្រឹមខែមីនា ដោយសារតែជំងឺឆ្លងនេះ និងការខិតខំកាត់បន្ថយផលប៉ះពាល់របស់វា។
ក្រុមហ៊ុនApple បានបញ្ជាក់ការបិទហាងរបស់ខ្លួននៅក្នុងប្រទេសចិន ក៏ដូចជាម៉ោងមានកំណត់ និងចរាចរណ៍ទិញរបស់អតិថិជនទាប ដែលជាហេតុផលដែលធ្វើឱ្យតម្រូវការផលិតផលApple នៅលើដីគោករងផលប៉ះពាល់។ ក្រុមហ៊ុនApple ក៏បានព្រមាននៅពេលនោះដែរថា ការផ្គត់ផ្គង់ទូរស័ព្ទiPhone អាចត្រូវបានរាំងស្ទះ ដោយសារតែបញ្ហាជាមួយនឹងការផលិតនៅក្នុងប្រទេសចិន។
អ្នកវិភាគក្រុមហ៊ុន UBS លោក Timothy Arcuri បាននិយាយកាលពីថ្ងៃច័ន្ទថា ការលក់ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានកើនឡើង៥ភាគរយ ពីនៅក្នុងខែមករា ធៀបនឹងឆ្នាំមុន ដែលជាតួលេខមួយខ្ពស់ជាងទីផ្សារស្មាតហ្វូនចិន ដែលបានលើកឡើងដោយដកស្រង់ទិន្នន័យរបស់រដ្ឋាភិបាលចិន។
ទោះយ៉ាងណាលោកបានព្រមានថា ដោយសារតែការបិទហាងលក់រាយ និងភាពមិនច្បាស់លាស់ នៃការដឹកជញ្ជូននៅខែ កុម្ភៈ អាចនឹងអាក្រក់ជាងការរំពឹងទុក៕






