ដោយគង់ សូរិយា
ភ្នំពេញៈ ធនាគារអេស៊ីលីដាបាននិងកំពុងដាក់ចេញមហិច្ឆតា ទូទាត់សាច់ប្រាក់តាមប្រព័ន្ឋឌីជីថល ជាមួយបណ្តាប្រទេសនានាជាសមាជិកអាស៊ាន ដើម្បីពង្រីកឧត្តមភាពរបស់ខ្លួន ខណៈធនាគារនេះបានវិនិយោគទឹកប្រាក់រាប់លានដុល្លារ លើប្រព័ន្ឋបច្ចេកវិទ្យា។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាលោកអ៊ិន ចាន់នីបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៥ កុម្ភៈនេះថា បន្ទាប់ពីបើកដំណើរការប្រព័ន្ឋទូទាត់សាច់ប្រាក់តាមMobil App “អេស៊ីលីដាទាន់ចិត្ត”នៅប្រទេសថៃនាពេលថ្មីៗនេះ ធនាគារនឹងពង្រីកសេវាកម្មទូទាត់សាច់ប្រាក់ ដែលអ្នកប្រើប្រាស់នានាអាចចាយបានតាមរយៈMobil Appនៅប្រទេសម៉ាឡេស៊ី និងសឹង្ហបុរីនាពេលខាងមុខនេះ។
លោកបន្តថា “យើងនឹងពង្រីកសេវាកម្មទូទាត់សាច់ប្រាក់ទូទាំងអាស៊ាន នាពេលអនាគត ប៉ុន្តែជាមួយប្រទេសម៉ាឡេស៊ី និងសឹង្ហបុរីនឹងធ្វើឡើងនៅពេលប្រព័ន្ឋទូទាត់នៅប្រទេសទាំងពីរនេះបានដំណើរការដោយរលូន និងមានការអនុម័តយល់ព្រមពីធនាគារជាតិនៃកម្ពុជាជាមុន”។
លោកអ៊ិន ចាន់នីបានបន្តថា ធនាគារអេស៊ីលីដា បានវិនិយោគទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិក ដើម្បីពង្រីកសេវាកម្មទូទាត់សាច់ប្រាក់លឿន តាមប្រព័ន្ឋDigital &Fintech ប៉ុន្តែលោកមិនបញ្ជាក់ឲ្យដឹងពីទំហំ នៃការចំណាយជាក់លាក់នោះទេ៕






