អភិបាលខេត្តត្បូងឃ្មុំប្តេជ្ញាជំរុញការអភិវឌ្ឍក្រុងសួងឱ្យក្លាយជាទីក្រុងស្អាតចំណាត់ថ្នាក់លេខ១

0

ដោយវុត្ថា

ភ្នំពេញ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្តេជ្ញាជំរុញការអភិវឌ្ឍក្រុងសួងឱ្យក្លាយជាទីក្រុងស្អាតចំណាត់ថ្នាក់លេខ១ ខណៈសង្កាត់ និងឃុំទាំង៦៣ទៀត ក្នុងខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍន៍រីកចម្រើនដែលធ្វើឲ្យកម្រិតជីវភាពពលរដ្ឋធូរធារ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅក្នុងពិធីសម្ពោធសាលាសង្កាត់វិហារលួង នៅថ្ងៃទី ២៥ កុម្ភៈ ២០២០នេះ ឱ្យដឹងថា សង្កាត់វិហារលួង និងសង្កាត់សួង ក្នុងក្រុងសួង បាននឹងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានា កែលម្អសោភ័ណ្ឌភាពក្រុង ដោយស្ថាបនាផ្លូវ ពីផ្លូវដីមកក្រាលគ្រួសក្រហម ដោយបន្តចាក់បេតុងនិងអ៊ុតកៅស៊ូ ធ្វើនិងជួសជុលប្រព័ន្ធលូ ដាំបង្គោលបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ លម្អសោភ័ណ្ឌភាពនាពេលរាត្រី ធ្វើសួនច្បារផ្កាចម្រុះពណ៍ ពិសេសថែរក្សាអនាម័យបរិស្ថានឲ្យបានស្អាតល្អ។

លោកបញ្ជាក់ថា ចំនុចទាំងអស់ខាងលើនេះហើយដែលត្រូវបន្តកសាង និងកែលម្អដោយប្តេជ្ញាជំរុញការអភិវឌ្ឍក្រុងសួង ឲ្យក្លាយជាទីក្រុងស្អាតចំណាត់ថ្នាក់លេខ១ តែថាបើចង់សម្រេចទៅបាននោះ គឺត្រូវមានការចូលរួមពីគ្រប់ភាគី ទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលរស់នៅទីនេះ រួមគ្នាចាត់ទុកគ្រប់កន្លែងទាំងអស់នៅទីក្រុងសួង ឲ្យដូចជានៅកន្លែងធ្វើការ និងផ្ទះរបស់ខ្លួនដូចគ្នា។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានផ្សព្វផ្សាយកន្លងមកនេះបង្ហាញថា ក្រុងសួង ជាក្រុងមួយស្ថិតនៅក្នុងចំណោម ក្រុងស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មី ទើបតែបំបែក ចេញពីខេត្តកំពង់ចាម។ ក្រុងសួង ព័ទ្ធជុំវិញដោយបណ្តាឃុំនៃស្រុកត្បូងឃ្មុំ មាន២សង្កាត់ មានភូមិចំនួន៣០ និងមានផ្ទៃដីសរុបចំនួន ៨,២៨០.៦៤ ហិចតា មានប្រជាពលរដ្ឋរស់នៅចំនួន ៨,១៧៧ គ្រួសារ ស្មើនឹង ៣៧,៥៥១ នាក់ ស្រី ១៨,៧៣៥ នាក់ ប្រជាពលរដ្ឋប្រកបមុខរបរ កសិកម្មជាចំបង ប្រមាណ៧០% ក្រៅពីនេះ ប្រកបមុខរបរលក់ដូរ សិប្បកម្ម សេវាកម្ម មន្រ្តីរាជការ និងកម្មករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here