ដោយ ប៊ី
ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) គ្រោងនឹងផ្តល់កញ្ចប់ថវិកាប្រមាណ២៤,៥លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រទេសកម្ពុជានៅឆ្នាំ ២០២០ នេះ សម្រាប់កិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារ KOICAបានឱ្យដឹងនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងមកថា នៅឆ្នាំ២០២០នេះ KOICAគ្រោងនឹងផ្តល់កញ្ចប់ថវិកាប្រមាណ២៤,៥ លានដុល្លារសហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានកើនឡើងគួរឱ្យកត់សម្គា ល់ និងបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជា។
លោក រ៉ូ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ (KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាអំពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េសម្រាប់ប្រទេសកម្ពុជា។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា លើរបៀបវារៈរួមមាន ទី១ កម្មវីធីទស្សនកិច្ចផ្លូវការមកប្រទេសកម្ពុជា របស់លោកស្រីប្រធានKOICA ទី២ ផែនការសហប្រតិបត្តិការរបស់KOICA សម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ ទី៣ គម្រោងថ្មីរបស់កយកាសម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ និងទី៤គម្រោងថ្មីរបស់KOICAសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២២៕






