ដោយវុត្ថា
ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានដាក់ចេញគម្រោងអភិវឌ្ឍន៍ជាច្រើន ក្នុងការស្ថាបនាកែលម្អ សោភ័ណភាពទីក្រុង ឲ្យកាន់តែមានភាពស្រស់ស្អាត ប្រកបដោយការទាក់ទាញ កាត់បន្ថយការកកស្ទះ និងផ្តល់ភាពងារស្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើងថែមទៀត។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីសន្និបាតបូកសរុបការងាឆ្នាំ ២០១៩ និងលើកទិសដៅបន្ត ឆ្នាំ២០២០ នាថ្ងៃទី ២៦ ខែកុម្ភៈនេះឱ្យដឹងថា រដ្ឋបាលរាជ ធានីភ្នំពេញមានគម្រោងអភិវឌ្ឍន៍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញជាច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសការលើកកម្ពស់សោភ័ណភាព ទីក្រុងឲ្យកាន់តែស្រស់ស្អាត។
លោកបន្តថា សាលារាជធានីភ្នំពេញបានដាក់ចេញ នូវគម្រោងសំខាន់ដូចជាការធ្វើអោយប្រសើឡើង នូវស្ថានភាពចរាចរក្នុងរាជធានីភ្នំពេញ និងកំពុងបន្តយកចិត្តទុកដាក់ កសាងហេដ្ឋារចនសម្ព័ន្ធរូបវន្ត ដូចជា គម្រោងរថភ្លើងអាកាស ប្រភេទ AGT ជាមួយក្រុមហ៊ុនជប៉ុន និងបានសិក្សាស្វែងយល់អំពីប្រព័ន្ធផ្លូវឯកទិស និងធ្វើការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីរួមមាន ស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ សិក្សាស្ពានអាកាស និងផ្លូវក្រោមដីកាត់មហាវិថីសហព័ន្ធរុស្សី តភ្ជាប់ទៅផ្លូវលេខ៨៦ មកកាន់តំបន់អភិវឌ្ឍន៍បឹងកក់ សិក្សាផ្លូវក្រោមដី និងតស្ពានភ្ជាប់ក្នុងខណ្ឌច្បារអំពៅសិក្សាផ្លូវក្រោមដីក្នុងខណ្ឌឫស្សីកែវ និងគម្រោងផ្លូវអមសងខាង ផ្លូវរថភ្លើងឆ្ពោះទៅរកអាកាសយន្តដ្ឋានភ្នំពេញ និងឆ្ពោះទៅដល់មហាវិថីឈ្នះៗ។

លោកបន្តថា ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សម្រេចបានសមិធិផលធំៗ ជាច្រើនទៀត ដូចជាការផ្តល់សេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរីកលូតលាស់សំណង់អគារហេដ្ឋារចនាសម័ន្ធ ដែលបំរើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
រាជធានីភ្នំពេញមានខណ្ឌ សរុបចំនួន១៤ខណ្ឌ មាន១១៥សង្កាត់ ៩៥៣ភូមិ និងមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ជាង២លាន២សែននាក់៕






