អគ្គនាយកដ្ឋានគយសម្រួលបែបបទ និងនីតិវិធីបញ្ចេញទំនិញដើម្បីភាពងាយស្រួល និងឆាប់រហ័ស

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់អនុវត្តការងារបន្ទាន់ ដើម្បីសម្រួលនូវនីតិវិធី និងបែបបទបញ្ចេញទំនិញពីគយ សហការជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា ពិភាក្សាការដឹកជញ្ជូន និងជើងសារគយ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងអំពីការអនុវត្តន៍វិធានការសម្រួលផលប៉ះពាល់លើសេដ្ឋកិច្ចកម្ពុជា ពាក់ព័ន្ធសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីគាំទ្រដល់វិស័យកាត់ដេរ ដែលកំពុងជួបភាពប្រឈមក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម ក៏ដូចការកាត់បន្ថយបន្ទុកចំណាយដឹកជញ្ជូនរបស់អ្នកវិនិយោគជាដើម ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវអនុវត្តន៍ការងារបន្ទាន់ចំពោះមុខមួយចំនួនដូចជា ធ្វើប្រព្រឹត្តកម្មច្រកបៃតង លើការនាំចូលវត្ថុធាតុដើមកាត់ដេរ ព្រមទាំងគ្រឿងបំណែក និងគ្រឿងបង្គំ បម្រើផលិតកម្ម នៃគម្រោងវិនិយោគ ដោយត្រូវសម្រួលឱ្យបានជាអតិបរមា នូវនីតិវិធី និងបែបបទបញ្ចេញទំនិញគយ។

ក្រៅពីការអនុវត្តខាងលើ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវសហការជាមួ​យសមាគមរោងចក្រកាត់ដេរកម្ពុជា ដើម្បីពិភាក្សាលើការដឹកជញ្ជូនទំនិញ និងជើងសារគយ រួមជាមួយការរកដំណោះស្រាយ លើការយកកម្រៃសេវាឱ្យមានតម្លាភាព។ ក្រៅពីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវសហការជាមួយភាគីពាក់ព័ន្ធ ដូចជាអាជ្ញាធរស្វយ័តកំពង់ផែអន្តរជាតិ និងក្រុមហ៊ុនដឹកជញ្ជូនជាដើម ដើម្បីធានាថា ការផ្តល់សេវាមានលក្ខណៈពិសេស ប្រព្រឹត្តទៅដោយរលូនស៊ីសង្វាក់ ហើយក្នុងករណីចាំបាច់អាចឯកភាពគ្នាបន្ថែមម៉ោងរដ្ឋបាល ដើម្បីអនុវត្តការងារឱ្យបានឆាប់រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here