ដោយវុត្ថា
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវភាគច្រើន នៅក្នុងប្រទេសកម្ពុជាបានទទួលប្រាក់កម្ចីសម្បទាន និងជំនួយឥតសំណងពីប្រទេសចិន ដោយសារតែកម្ពុជា-ចិនមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងផ្តល់កិច្ចសម្ភាសន៍ ជូនដល់អ្នកសារព័ត៌មាននាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា រដ្ឋាភិបាលចិនបានផ្តល់កម្ចី និងជំនួយច្រើនជាងបណ្តាប្រទេសនានានៅលើពិភពលោក លើការស្តារ និងស្ថាបនាផ្លូវនៅក្នុងប្រទេសកម្ពុជា អាចនិយាយបានថា ឈរលំដាប់លេខរៀងទី១។ តែក្នុងន័យនេះ មិនមែនមាន័យថាកម្ពុជាមិនទទួលយកប្រាក់កម្ចី ឬជំនួយពីបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានានោះទេ។
លោកបន្តថា “កន្លងមកនេះ យើងទទួលពីប្រទេសជប៉ុន កូរ៉េធនាគារពិភពលោក ធនាការអភិវឌ្ឍន៍អាស៊ី ថៃ និងវៀតណាមជាដើម តែមិត្តចិន បានផ្តល់ថវិកាច្រើនជាងគេ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ហើយបានផ្តល់យ៉ាងលឿនដល់ការចាំបាច់របស់យើង។ តែបើគេឱ្យខ្ចី ហើយប្រើពេល៥ឆ្នាំ ទៅ១០ឆ្នាំ វាយូពេកហើយ “។
លោករដ្ឋមន្ត្រីបន្ថែមថា “យើងចាប់ផ្តើមពី២០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០០៤ និង២០០៥ ដែលចុះហត្ថលេខាដោយឯកឧត្តមវិន ជាបាវ ក្នុងការសាងសង់ស្ពានព្រែកតាមាក់ ស្ពានព្រែកក្តាម និងផ្លូវ៥៧ ពីបាត់ដំបង់ទៅប៉ៃលិនដោយចាប់តាំងពីនោះមកមិត្តចិនបាន់ផ្តល់កម្ចីសម្បទានជាច្រើន ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវក្រវ៉ាត់ក្រុង ផ្លូវជាតិលេខ៣ និងផ្លូវជាច្រើនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា”។
លោកបញ្ជាក់ថា កម្ចីហិរញ្ញប្បទាន និងជំនួយរបស់ចិន ដែលផ្តល់ដល់កម្ពុជានាពេលនេះ គឺមិនមានអ្វីជាផលលំបាកឬក៏ជាអន្ទាក់ ដើម្បីឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរនោះទេ ។ កម្ចីទាំងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានគ្រប់គ្រងលើថវកាជាតិ បានយ៉ាងល្អ។
លោកស៊ុន ចាន់ថុលបន្ថែមថា “បើយើងប្រៀបធៀនប្រាក់កម្ចី និងផលិតផលសរុបរបស់ប្រទេសកម្ពុជា យើងនៅតិចជាង ៣០ ភាករយ។ ចំណែកប្រទេសមួយចំនួន មានរហូតដល់២០០ភាគរយ ឬ១០០ភាគរយ ប៉ុន្តែយើងនៅក្រោម ដោយធនាគារពិភពលោក ឱ្យយើងខ្ចី ចំនួន៤០ភាគរយនៃផលិតផលសរុបរបស់កម្ពុជា”។
លោកបន្តទៀថា ដូច្នេះ អ្វីដែលយើងខ្ចីនេះ គឺដើម្បីយកមកកសាងហេដ្ឋារចនសម្ព័ន្ធដាក់ជាវិនិយោគក្នុងជំរុញកំណើនសេដ្ឋកិច្ចជាតិ ទាក់ទាញទេសចរណ៍ និងវិនិយោគឱ្យមកកម្ពុជាកាន់ច្រើនថែមទៀត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងដែរថា មកដល់បច្ចុប្បន្ន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណង របស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន២៧ខ្សែ មានប្រវែងសរុប២,៧៧៩ គីឡូម៉ែត្រ។ ចំណែកគម្រោងកំពុងសាងសង់មានចំនួន៥ខ្សែ មានប្រវែងប្រមាណ៤៩៧,២០ គីឡូម៉ែត្រ។
សម្តេចតេជោបន្តថា ចំណែកស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន៨ស្ពាន មានប្រវែងសរុប៧,៤៣៤ម៉ែត្រ និងស្ពានកំពុងសាងសង់ ដូចជាស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តកំពងចាម ស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ជាដើម។
សម្តេចតេជោថ្លែងថា សមិទ្ធផលស្ពានថ្នល់ ដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជា គឺភាគច្រើនបានមកពីជំនួយរបស់ចិន បើមិនដូច្នេះទេ មិនអាចកើតឡើងបានឡើយ។ សម្តេចថា ”បើចិនមិនជួយទេ តើនរណាជួយ? ចុះអាអ្នកវិភាគឡប់ៗនេះ បានដឹងទេ?។ បើអ្នកមិនឃើញគម្រោងខាងមុខនេះទេ តែអ្នកកំពុងដើរលើផ្លូវចិនជួយ”។
សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលកម្ពុជា មិនមែនត្រូវការតែជំនួយពីចិនទេ ប៉ុន្តែស្វាគមន៍គ្រប់ជំនួយពីប្រទេសជាមិត្ត ដើម្បីយកអភិវឌ្ឍរចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ កម្ពុជាត្រូវការរឹតបន្តឹងមិត្តភាព និងលើកកម្ពស់ចំណងសហប្រតិបត្តិការជាមួយគ្រប់បណ្តាប្រទេសនៅលើពិភពលោក។
បើតាម លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិនបានផ្តល់ហិរញ្ញប្បទាន និងជំនួយដល់កម្ពុជាក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេសមានចំនួន២៧៤២លានដុល្លារអាមេរិក៕






