ប្រទេសន័រវេសបានប្រកាសថា ខ្លួននឹងមិនដកប្រព័ន្ធអនុគ្រោះពន្ធ(GSP)ចេញពីកម្ពុជា

0

ដោយ ប៊ី

ភ្នំពេញៈប្រទេសន័រវេសបានប្រកាសថា ខ្លួននឹងមិនដកប្រព័ន្ធអនុគ្រោះពន្ធ(GSP) ចេញពីកម្ពុជាឡើយ។ នេះយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ នៃក្រសួងការបទេសប្រទេសន័រវេស។

ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយលោកស្រី ម៉ារីយ៉ាន ហាហ្គិន (Marianne Hagen) រដ្ឋលេខាធិការក្រសួងការបរទេស នៃព្រះរាជាណាចក្រន័រវេស ក្នុងជំនួបទ្វេភា​គី​ជាមួយ លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៥  ខែកុម្ភ: ឆ្នាំ២០២០នេះ។

ជំនួបទ្វេភាគីនេះ មានគោលបំណងផ្លាស់ប្តូរយោបល់ត្រង់ទៅ ត្រង់មក លើបញ្ហានានា ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ។

លោកអ៊ុច បូររិទ្ធបានថ្លែងថា “ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយនៅកម្ពុជា និងបានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា ដែលមានជាយូរលង់រវាងកម្ពុជា និងន័រវេស លើវិស័យជាច្រើន”។

ជាការឆ្លើយតប លោកជំទាវ Marianne Hagen បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ន័រវែស ក្នុងការបន្តផ្តល់ជំនួយដល់កម្ពុជា ក្នុងវិស័យដោះមីន និងសាលាក្តីខ្មែរក្រហម ហើយបានគូសបញ្ជាក់ថា ប្រទេសន័រវែសបានផ្តល់ថវិកាជាជំនួយទ្វេភាគីប្រមា​ណ៥០លានក្រូនន័រវែស ជារៀងរាល់ឆ្នាំដល់កម្ពុជា ដោយផ្តោតលើអភិបាលកិច្ចល្អ សិទ្ធិមនុស្ស ការអប់រំ សេវាសុខាភិបាល និងសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមទាំងទឹកប្រាក់៣លានក្រូនន័រវែស សម្រាប់សាលាក្តីខ្មែរក្រហមផងដែរ។

ជាងនេះទៅទៀត មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសន័រវេស ក៏បានសង្កត់ធ្ងន់ថា បើទោះបីប្រទេសន័រវែស មិនមែនជាសមាជិកសហភាពអឺរ៉ុបទេ ប៉ុន្តែប្រទេសន័រវែស គ្មាន ផែនការដកប្រព័ន្ធអនុគ្រោះពន្ធ (GSP) របស់ខ្លួនចេញពីកម្ពុជានោះដែរ។

លោកជំទាវ Marianne Hagen ក៏បានបញ្ជាក់ជាថ្មីផងដែរថា ប្រទេសន័រវេសបានផ្តល់ប្រាក់ចំនួន៧២០លានក្រូនន័រវែស (ប្រមាណ៨០លានដុល្លារអាមេរិក) ដល់វិស័យមីក្រូហិរញ្ញវត្ថុ តាមរយៈស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ នវានុវត្តន៍ ដើម្បីជួយឱ្យសហគ្រាសធុនតូចនិងមធ្យម អាចបង្កើតអាជីវកម្មរបស់ខ្លួនបាននៅកម្ពុជា។

ភាគីទាំងពីរបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើ​តកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃព្រះរាជាណាចក្រន័រវេស ដែលនឹងក្លាយជាយន្តការរឹងមាំមួយ សម្រាប់ពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ។

ប្រទេសន័រវេសមានផ្ទៃដី៣៨៥,២០៧គីឡូម៉ែត្រការ៉េ និងមានចំនួនប្រជាជនប្រមា​ណ៥,៣លាននាក់គិតត្រឹមឆ្នាំ២០១៨។ ចំណូលរបស់ប្រជាជនម្នាក់ៗក្នុងមួយឆ្នាំមាន​ចំនួន៧៥,៤៥២ដុល្លារ ហើយរាជធានីរបស់ប្រទេសន័រវេសមានឈ្មោះ អូស្លូ (Oslo)៕

LEAVE A REPLY

Please enter your comment!
Please enter your name here