ដោយវុត្ថា
ក្រុងប៉េកាំងៈ ក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រទេសចិនមានឆន្ទៈរួមសហការជាមួយប្រទេសកូរ៉េខាងត្បូង និងជប៉ុនដើម្បីរួមគ្នាបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺ Covid-19 ខណៈប្រទេសទាំងនេះ បាននិងកំពុងទទួលរងនៅការរាតត្បាតកាន់តែខ្លាំង។

លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឱ្យដឹងនៅក្នុងសន្និសីទកាសែតមួយនៅក្រុងប៉េកាំង កាលពីថ្ងៃទី២៦ ខែកុម្ភៈឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង សុទ្ធតែស្ថិតក្នុងដំណាក់កាលដ៏សំខាន់ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 យ៉ាងពេញទំហឹង។
លោកបន្តថា “ប្រទេសចិនមានឆន្ទៈ រួមសហការជាមួយកូរ៉េខាងត្បូងនិងជប៉ុន ក្នុងការពង្រឹងវិធានការបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺនៅតាមកំពង់ផែ និងកាត់បន្ថយការធ្វើដំណើរដែលមិនចាំបាច់នានា”។
លោកបន្ថែមថា ប្រទេសចិនសូមសម្តែងការសួរសុខទុក្ខ ដ៏ស្មោះត្រង់ចំពោះប្រជាជនកូរ៉េខាងត្បូង និងជប៉ុន។ ចាប់តាំងពីផ្ទុះនូវការរាតត្បាតនៃជំងឺនេះមក រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានផ្តល់ការគាំទ្រនិងជំនួយជាច្រើន ដល់ប្រទេសចិន ហើយចិនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការនេះ។
ក្នុងពេលថ្មីៗនេះ ស្ថានភាពជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មីក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសផ្សេងទៀតមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ភាគីចិន បានផ្តល់ជំនួយឥតសំណងជា Nucleic acid detection reagent ជូនដល់ភាគីជប៉ុន ដោយតាមរយៈស្ថានប័នពាក់ព័ន្ធយ៉ាងឆាប់រហ័ស ទន្ទឹមនឹងការបន្តខិតខំប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះនៅក្នុងប្រទេស ក៏ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនង ជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសដទៃទៀត ដើម្បីរួមគ្នារក្សាសុវត្ថិភាពសុខភាពសាធារណក៏ ដូចជាក្នុងតំបន់ និងពិភពលោក។
គិតត្រឹមថ្ងៃទី២៧ ខែកម្ភៈឆ្នាំ២០២០កន្លងមកនេះ មានអ្នកឆ្លងជំងឺកូរ៉ូណាវីរុសចំនួន៨២,៤១៩ករណី ស្លាប់ចំនួន២,៨០៨នាក់ និងព្យាបាលជាសៈស្បើយចំនួន ៣៣,១៦១ករណី។ ករណីផ្ទុះករណីជំងឺផ្លូវដង្ហើមថ្មី Coronavirus ឬ Covid19 មកដល់ពេលនេះ មានប្រទេសចំនួន៤៧ នៅលើពិភពលោកបានឆ្លងនូវជំងឺនេះ៕






