រដ្ឋាភិបាលកំពុងដោះស្រាយកកស្ទះចរាចរណ៍របស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ នៅច្រកទ្វារអន្តរជាតិចំនួនពីរ

0

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងស្វែងរកនីតិវិធី ដោះស្រាយបញ្ហាប្រឈមនឹងការកកស្ទះចរាចរណ៍ និងបញ្ហាផ្សងៗដែលក្រុមហ៊ុនដឹកជញ្ជូនទំនិញ ជួបប្រទះនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូននៅក្នុងកិច្ចប្រជុំស្ដីពី ការអនុវត្តការត្រួតពិនិត្យច្រកចេញ-ចូលតែមួយ បានឱ្យដឹងថា គម្រោ​ងដោះស្រាយបញ្ហាប្រឈម នៅច្រកទ្វារព្រំដែនអន្តរជាតិទាំងពីរ ទាក់ទងនឹងការកកស្ទះចរាចរណ៍ ដែលបង្កឱ្យការនាំចេញនាំចូលវត្ថុធាតុដើមមានការយឺតយ៉ាវ កំណើននៃការដឹកជញ្ជូនទំនិញ ការជម្រះបញ្ជីគយទាក់ទងនឹងទំនិញនាំចេញនាំចូល មានការយឺតយ៉ាវ គម្រោងសាងសង់ផ្លូវល្បឿនលឿន នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ និងគម្រោងសាងសង់ផ្លូវរថភ្លើងភ្នំពេញ-វៀតណាម ឆ្លងកាត់ព្រំដែនបាវិត-ម៉ុកបៃ។

លោកទេសរដ្ឋមន្ត្រីក៏បានលើកឡើង ពីគម្រោងស្នើសុំភាគីថៃ បើកច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ បាណងអៀន ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកាត់បន្ថយការកកស្ទះចរាចរណ៍ នៅចក្រទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបច្ចុប្បន្ន។

លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជំរុញឱ្យក្រសួង/ស្ថាប័ន ភាគីពាក់ព័ន្ធទាំងអស់ផ្តល់ធាតុចូលសំខាន់ៗ និងចូលរួមដោះស្រាយបញ្ហានៅច្រកទ្វារព្រំដែនអន្តរជាតិទាំងពីរនេះ ឱ្យមានប្រសិទ្ធភាពដោយប្រើប្រាស់យន្តការតែមួយជាក់ស្តែង ដើម្បីសម្រួលការលំបាករបស់វិស័យឯកជន។

លោកបន្តថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈដល់ក្រុមហ៊ុនធុរកិច្ច ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ជាពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនឲ្យបានឆាប់រហ័ស តាមនីតិវិធីប្រកបដោយតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ រាជរដ្ឋាភិបាលគ្រោង បង្កើតច្រកចេញ-ចូលតែមួយរវាងកម្ពុជា-វៀតណាម(បាវិត-ម៉ុកបៃ) និងច្រកចេញ-ចូលតែមួយរវាង កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដើម្បីសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here