ក្រសួងទេសចរណ៍ស្នើរដ្ឋាភិបាលបើកដំណើរការព្រលានយន្តហោះ ខេត្តបាត់ដំបងឡើងវិញ

0

ដោយៈ រ៉ាណេត

បាត់ដំបងៈ ក្រសួងទេសចរណ៍បានស្នើសុំរដ្ឋាភិបាលពិចារណា បើកឱ្យដំណើរការព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ ស្របពេលដែលកំណើនភ្ញៀវទេសចរណ៍ចាប់ផ្តើមកម្រើកឡើងវិញ។

នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២០ មានការលើកឡើងជាមតិយោបល់ថា រដ្ឋាភិបាលគួរតែស្ដារ និងបើកដំណើរការព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ ខណៈចរន្តទេសចរទៅកាន់ខេត្តនេះ កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

អង្គសន្និបាតក៏បានលើកឡើងអំពីគំនិត ផ្តួចផ្តើមធាតុចូលសំខាន់ៗមួយចំនួនដើ​ម្បីសម្រួលការធ្វើដំណើរ និងជំរុញលំហូរទេសចរមកទស្សនាកម្ពុជា ដោយក្នុងនោះរួមមាន ការស្នើបើកកំពង់ផែទឹកជ្រៅខេត្តកំពត ដើម្បីអនុញ្ញាតឱ្យនាវាទេសចរណ៍ អាចចូលកំពង់ផែបានតាមច្រកសមុទ្រនេះបន្ថែមទៀត ។

បន្ថែមពីនេះ នៅមានការកលើកឡើងពីការកាត់បន្ថយថ្លៃ ទិដ្ឋាការពាក់កណ្តាល សម្រាប់ទេសចរមកតាមនាវាទេសចរណ៍សមុទ្រ ដែលចូលចតក្រោម២៤ម៉ោង និងការផ្តល់ទិដ្ឋាការរួមតាមបញ្ជីឈ្មោះភ្ញៀវទេសចរ។ គួរសម្រួលលំហូរទេសចរថៃ មកទស្សនាឱ្យដល់ខេត្តសៀមរាប ដោយប្រើបណ្ណព្រំដែន។

ដោយឡែក ចំពោះការប្រើប្រាស់រថយន្តទេសចរណ៍ផ្ទាល់ខ្លួន ចូលមកទស្សនាកម្ពុជាស្របច្បាប់ គួរតែមានការកែសម្រួល និងអនុញ្ញាតដោយមានការបិទសន្លឹកបណ្ណ សម្គាល់អត្តសញ្ញាណចូល-ចេញ (Sticker) និងគួររៀបចំឱ្យមានភ្នាក់ងារជំនួយទេសចរ (Tourist Assistant) នៅតាមច្រកចូលព្រំដែនអន្តរជាតិ។ កិច្ចការនេះគួរត្រូវបានអនុវត្តដោយភ្នាក់ងារនគរបាលទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here