ដោយវុត្ថា
ភ្នំពេញៈ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានប្រមូលចំណូលសរុបសម្រាប់ឆ្នាំ ២០១៩ មានប្រមាណ១៣ទ្រីលានរៀល ស្មើនឹងប្រមាណ៣,២១៥ លានដុល្លារអាមេរិក កើនឡើង៣០% ធៀបនឹងឆ្នាំ២០១៨ ហើយលើសផែនការដែលបានកំណត់ប្រមាណ៤២.៧%។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ឱ្យដឹងថា បើធៀបនឹងឆ្នាំ២០១៨ ចំណូលតាមប្រភេទពន្ធសំខាន់ៗ មានកំណើនខ្ពស់ គួរឱ្យកត់សម្គាល់ក្នុងនោះពន្ធនាំចូលកើនឡើង៣០.៧% អាករពិសេសកើនឡើង៣៣.៦ % និងអាករលើតម្លៃបន្ថែម (VAT) កើនឡើង២៨,៨ %។
របាយការណ៍បន្តថា បើពិនិត្យលើចំណូលតាមក្រុមទំនិញវិញ មុខទំនិញ យានយន្ត និងគ្រឿងចក្របន្ត ជាប្រភពចំណូលសំខាន់ ដោយគ្របដណ្តប់ប្រមាណ៥២.៧% នៃចំណូលសរុប។ ចំណូលដែលអគរប្រមូលបានក្នុងឆ្នាំ ២០១៩ នេះ មានកម្រិតខ្ពស់ជាងគេក្នុងរយៈពេល២០ឆ្នាំកន្លងមក នៅក្នុងបរិការណ៍ដែលការអនុគ្រោះពន្ធអាករ ទាំងក្នុងគោលដៅលើកទឹកចិត្តវិនិយោគ និងវិស័យអាទិភាពនានា ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មានការកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។
ទន្ទឹមនឹងការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជក៏សម្រចបាននូវសមិទ្ធិផលលើការដ្ឋានការងារផ្សេងទៀត រួមមាន ការរៀបចំឯកសារយុទ្ធសសាស្ត្រ គោលនយោបាយ ច្បាប់ និងបទប្បញ្ញាត្ត្តិនានាមួយចំនួន ការបន្តលើកកម្ពស់កិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈការកែលម្អ និងពង្រីកមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ការបញ្ចុះអត្រាពន្ធគយអាករ និងគោលនយោបាយលើកទឹកចិត្តវិស័យកសិកម្ម និងសហគ្រាសធុនតូច និងធម្យម ការពង្រឹងការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ការចូលរួមទប់ស្កាត់ការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍន៍ស្ថាប័នជាដើម។
លើសពីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានអនុវត្តដោយរលូននូវវិធានការមុត្រស្រួចរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងគយ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលក្នុងវេទិការាជរដ្ឋាភិបាល លើកទី១៨ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នំា ២០១៩ ផងដែឬ រួមមាន ១) ការលើកទឹកចិត្តផ្នែកគយ ដល់សហគ្រាសធុនតូច និងធម្យម ២) ការអនុវត្តកម្រៃសេវាសាធារណៈរបស់ អគរ ៣) ការកាត់បន្ថយចំនួនកុងតឺន័រ និងកម្រៃស្កែន។ ៤)ការដឹកនាំក្រុមការងារអន្តរស្ថាប័ន ដើម្បីកាត់បន្ថយមុខទំនិញក្នុងបញ្ជីទំនិញហាមឃាត និងទំនិញជាប់កម្រិតកំណត់ និង៥)ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២៕








