ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នឹងក្រុមធុរកិច្ចអាល្លឺម៉ង់ បានផ្តើមពិភាក្សាលើការវិនិយោគនៅក្នុងការគ្រប់គ្រង និងវិនិយោគនៅក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជា ខណៈកម្ពុជាកំពុងជួបបញ្ហាប្រឈមសំរាមស្ទើតែគ្រប់ទីក្រុងនៅក្នុងប្រទេស។

កិច្ចពិភាក្សានេះ ធ្វើឡើងរវាងលោក សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថានកម្ពុជា និងលោក Benjamin Knodler ភារធារីស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា រួមជាមួយនឹងតំណាងអង្គការ KONRAD, GIZ និងក្រុមធុរកិច្ចអាល្លឺម៉ង់ នាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាពនៃការវិនិយោគនៅក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជា។
លោក សៅ សុភាព បានជម្រាបជូនភាគីអាល្លឺម៉ង់ អំពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានរបស់ក្រសួងបរិស្ថានលើការងារកំណែទម្រង់ការគ្រប់គ្រងសំរាម សំណល់រឹង ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលលើការរៀបចំប្រព័ន្ធថ្មីសម្រាប់គ្រប់គ្រងសំរាម សំណល់រឹងពីដើមខ្សែដល់ចុងខ្សែសម្រាប់រាជធានីភ្នំពេញ។

ជាលទ្ធផលនៃកិច្ចពិភាក្សា តំណាងភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងគ្នា តាមរយៈ៖ (១).បន្តកិច្ចពិភាក្សា អំពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជា និង(២).អញ្ជើញប្រតិភូក្រសួងបរិស្ថានទស្សនកិច្ចសិក្សានៅប្រទេសអល្លឺម៉ង់ និងចូលរួមកម្មវិធីផ្សេងៗដែលរៀបចំដោយអង្គការ KONRAD និងភាគីអល្លឺម៉ង នៅកម្ពុជា ពាក់ព័ន្ធនឹងធុរកិច្ចនៃការគ្រប់គ្រង សំរាម សំណល់រឹង៕






