ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាបាលចិន បានបញ្ជូនមន្ត្រីជំនាញពាក់ព័ន្ធ តាមរយៈអគ្គនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងពាណិជ្ជកម្មចិន ចុះមកពិនិត្យ និងសិក្សាជាក់ស្ដែងពីផលប៉ះពាល់ និងភាពប្រឈមរបស់កម្ពុជា ពាក់ព័ន្ធទៅនឹងការខ្វះខាតវត្ថុធាតុដើម រួមជាមួយនឹងការព្យួរផ្នែកមួយនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ។

បន្ទាប់ពីមានការសន្យា ទៅលើការផ្គត់ផ្គង់វត្ថុធាតុដើមដល់កម្ពុជា ជាអាទិភាពមុនគេ កាលពីរសៀលថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលចិនបានបញ្ជូនក្រុមមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន ចុះមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យទៅលើបញ្ហានានាដែលកម្ពុជាកំពុងជួប និងប្រឈម។
អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន លោក យ៉ាង វ៉ីនឈុន (Yang Weiqun) បានលើកឡើងថា ដំណើរទស្សនៈកិច្ចរបស់គណប្រតិភូចិនមកកាន់កម្ពុជាពេលនេះ ធ្វើឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ស្របតាមប្រសាសន៍របស់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលធ្លាប់ពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន នៅទីក្រុងប៉េកាំងកាលពីពេលកន្លងទៅក្នុងនាមជាមិត្តដែកថែប។
លោកបានបន្តទៀតថា “គោលបំណងធំនៅក្នុងដំណើរទស្សនកិច្ចមួយនេះ គឺស្វែងយល់ពីផលប៉ះពាល់ នៃកង្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់រោងចក្រកាត់ដេរ និងពីការព្យួរផ្នែកមួយ នៃប្រព័ន្ធអនុគ្រោះពន្ធក្រោមក្របខណ្ឌ EBA ដល់រោងចក្រសហគ្រាសនានា និងលទ្ធភាពនៃការគាំទ្ររបស់រដ្ឋាភិបាលចិនមកដល់កម្ពុជា ក្នុងការកាត់បន្ថយផលប៉ះពាល់ទាំងនេះ ក៏ដូចជាការលើកទឹកចិត្តដល់សហគ្រាសចិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត”។
អគ្គលេខាធិការងគណៈកម្មាធិការវិនិយោគកម្ពុជា លោក ជា វុទ្ធី បានបង្ហាញពីការប៉ាន់ស្មាននូវផលប៉ះពាល់ជាបន្ទាន់ ពីការខ្វះខាតវត្ថុធាតុដើមដល់វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលមួយចំនួនធំជាការវិនិយោគមកពីប្រទេសចិន និងផលប៉ះពាល់នាពេលអនាគតដ៏ខ្លី ពីការព្យួរផ្នែកមួយ នៃការអនុគ្រោះពន្ធក្រោមក្របខណ្ឌ EBA ដល់វិស័យនាន។

លោកបន្តទៀតថា រដ្ឋាភិបាលកម្ពុជាស្នើដល់រដ្ឋាភិបាលចិន ក្នុងការជួយសម្រួលដល់ការផ្គត់ផ្គង់វត្ថុធាតុដើម ដល់បណ្តារោងចក្រសហគ្រាសនានានៅកម្ពុជា និងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ក៏ដូចជាជួយជំរុញការបើកទីផ្សារចិន ដល់ផលិតផលកម្ពុជា ជាពិសេសខិតខំបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ឱ្យបានឆាប់រហ័ស ៕






