ដោយវុត្ថា
ភ្នំពេញៈ កិច្ចសន្យាជួលអាចធ្វើឡើង ដោយមានកំណត់រយៈពេលជួលក៏បាន ឬដោយគ្មានពេលកំណត់ក៏បាន។ វាអាស្រ័យនឹងការព្រមព្រៀងគ្នារវាងម្ចាស់វត្ថុ និងអ្នកជួល។
ក៏ប៉ុន្តែ បើចង់ជួលដោយមានកំណត់ពេលច្បាស់លាស់ គូភាគីចាំបាច់ត្រូវតែធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ព្រោះច្បាប់កំណត់ថា កិច្ចសន្យាជួលអចលនវត្ថុ ដែលធ្វើត្រឹមតែមាត់ទទេ ដោយមិនធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ គឺត្រូវចាត់ទុកថាជាកិច្ចសន្យាដែលគ្មានកំណត់ពេល (មាត្រា ៥៩៩)។
“កិច្ចសន្យាជួលដោយគ្មានកំណត់ពេល” មិនមែនមានន័យថា គូភាគីត្រូវតែជួលអស់មួយជីវិតនោះទេ! គ្រាន់តែថា បើជួលមានរយៈពេលកំណត់ កិច្ចសន្យាជួលត្រូវបញ្ចប់ នៅពេលផុតពេលកំណត់ (បើកំណត់ថា ជួលរយៈពេល១ឆ្នាំ ដល់គ្រប់១ឆ្នាំ កិច្ចសន្យាជួលនេះត្រូវបញ្ចប់) លើកលែងតែគូភាគីព្រមព្រៀងបន្តកិច្ចសន្យានេះតទៅទៀត។
ផ្ទុយទៅវិញ កិច្ចសន្យាជួលដោយគ្មានកំណត់ពេល ត្រូវមានសុពលភាពរហូតទាល់តែគូភាគីស្នើសុំបញ្ចប់។ ការស្នើសុំបញ្ចប់កិច្ចសន្យានេះ អាចធ្វើឡើងដោយភាគីណាមួយក៏បានដែរ (ពីខាងម្ចាស់វត្ថុក៏បាន ឬពីខាងអ្នកជួលក៏បាន) ហើយអាចសុំបញ្ចប់កិច្ចសន្យានេះ នៅពេលណាក៏បានដែរ ក៏ប៉ុន្តែត្រូវជូនដំណឹងទៅភាគីម្ខាងទៀតឲ្យបាន យ៉ាងតិច៣ខែ មុនដល់ថ្ងៃបញ្ចប់កិច្ចសន្យា ចំពោះការជួលផ្ទះឬអគារផ្សេងទៀត។
មានន័យថា ម្ចាស់ផ្ទះមិនមែននឹកឃើញចង់ឈប់ជួល ក៏ប្រាប់ទៅអ្នកជួលឲ្យរើចេញភ្លាមៗបានទេ។ អ្នកជួលក៏មិនអាចថាចង់ចេញ ក៏ប្រាប់ទៅម្ចាស់ផ្ទះថ្ងៃនេះ ហើយរើចេញស្អែកបានដែរនោះដែរ (អាចរើចេញភ្លាមៗបន ក៏ប៉ុន្តែត្រូវនៅបន្តបង់ថ្លៃឈ្នួលផ្ទះ ៣ខែទៀត)។
ចំពោះការជួលដីធ្លី ការសុំបញ្ចប់កិច្ចសន្យា ត្រូវមានការជូនដំណឹងទៅភាគីម្ខាងទៀតយ៉ាងតិច១ឆ្នាំ។ បើសិនជាដីនោះជាដីកសិកម្ម មានរដូវដាំដុះ ប្រមូលផល ការបញ្ចប់កិច្ចសន្យាជួលត្រូវធ្វើឡើង នៅចន្លោះរដូវដាំដុះ មានន័យថានៅក្រោយពេលប្រមូលផលរដូវមួយ និងមុនពេលចាប់ផ្តើមដាំដុះរដូវបន្ទាប់៕