ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ដោយសារតែវិបត្តិដែលបណ្តាលមកពីការរាតត្បាតនៃមេរោគ Covid-19 បច្ចុប្បន្នបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក និងក្លាយទៅជាក្ដីបារម្ភមួយយ៉ាងខ្លាំង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះថា ពេលនេះផលប៉ះពាល់នៃសេដ្ឋកិច្ចបានចាប់ផ្ដើមរំជួលអង្រួននៅលើសាកលលោកហើយ។
សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា “ទីផ្សារនៅគ្រប់ទ្វីបទាំងអស់ គឺគ្មានទីផ្សារណាមួយឡើងនោះទេ គឺដាំក្បាលចុះទាំងអស់។ សង្វាក់ផលិតកម្មនៅប្រទេសមួយចំនួនត្រូវបានបិទទាំងអស់តែម្ដង ព្រោះវត្ថុធាតុដើមគឺត្រូវបាននាំចេញពីប្រទេសចិន។ បើនិយាយពីវិស័យកាត់ដេរនៅក្នុងប្រទេសយើងការផ្គត់ផ្គង់វត្ថុធាតុដើម គឺ៦០ភាគរយនាំមកពីប្រទេសចិន ចឹងហើយបានជាយើងស្នើសុំឱ្យមិត្តចិនជួយក្នុងការចញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជាឱ្យឆាប់បំផុតតាមដែលអាចធ្វើបាន ដើម្បីជៀសវាងការព្យួរការងារកម្មករនៅក្នុងដំណាក់កាលនេះ”។
កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ មានរោងចក្រចំនួន១០ បានស្នើសុំបិទទ្វារជាបណ្តោះអាសន្នដោយសារតែកង្វះវត្ថុធាតុដើមសម្រាប់សង្វាក់ផលិតកម្ម ខណៈដែលមានរោងចក្រប្រមាណ២០០បានស្នើសុំផ្អាកបណ្តោះអាសន្ននៅក្នុងខែមីនា ឆ្នាំ២០២០នេះ និងបណ្តាលឱ្យកម្មករសរុបប្រមាណ១៦ម៉ឺននាក់ត្រូវប្រឈមនឹងការព្យួរការងារ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា “នៅខេត្តព្រះសីហនុ មានរោងចក្រចំនួន២បានស្នើសុំផ្អាកសង្វាក់ផលិតកម្មបណ្តោះអាសន្ន ដែលមានចំនួនកម្មករសរុបទាំងប្រមាណ៣៥០នាក់ ត្រូវព្យួរការងារជាបណ្ដោះអាសន្ន និងទទួលប្រាក់បៀរវត្ស៥០ភាគរយ”។ សម្ដេចបានបន្តទៀតថា “យើងមិនចង់ឱ្យមានការព្យួរទេ បានជាយើងសំណូមពរឱ្យមិត្តចិន ហើយកាលពីពេលកន្លងទៅរដ្ឋាភិបាលចិនក៏បានបញ្ជូនមន្ត្រីជំនាញមកសិក្សា និងគិតគូរទៅលើបញ្ហានៃការបញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជា ដែលនេះគឺជាការឆ្លើយតបភ្លាមៗជាមួយនឹងបញ្ហារបស់កម្ពុជា”៕






