លោក ស៊ុន ចាន់ថុលប្រាប់ពីផែនការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធធំៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

0

ដោយវុត្ថា

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ពីផែនការ និងគម្រោងលើកម្ពស់ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធធំៗដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តក្រុងនានារបស់កម្ពុជា ដើម្បីលើកកម្ពស់ដល់ការដឹកជញ្ជូន និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងកិច្ចប្រជុំក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជននាថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២០ នេះ បានលើកឡើងអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ និងលើកគុណភាពផ្លូវពីកៅស៊ូពីរស្រទាប់ស្ដើង 00(DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) និងការពង្រីកផ្លូវពីពីរគន្លងទៅបួនគន្លង

លោកបន្តថា ក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ១ប្រភេទបេតុងកៅស៊ូ (AC) ចាប់ពីអ្នកលឿងទៅដល់បាវិត ផ្លូវជាតិលេខ២ចាប់ពីរាជធានីភ្នំពេញទៅដល់ខេត្តតាកែវ ផ្លូវជាតិលេខ៣ចាប់ពីរាជធានីភ្នំពេញទៅដល់បែកគុស(៤គន្លងផ្លូវ) និងចាប់ពីបែកគុសទៅដល់ខេត្តកំពតពង្រីកដល់១២ម៉ែត្រ ផ្លូវជាតិលេខ៤ចាប់ពីរាជធានីភ្នំពេញទៅដល់ខេត្តព្រះសីហនុពង្រីកទៅដល់១១ម៉ែត្រ និងគម្រោងពង្រីកនិងធ្វើឱ្យប្រសើរឡើងបណ្តាញផ្លូវថ្នល់ជាច្រើនទៀតផងដែរ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីក៏លើកឡើងអំពីផែនការស្ថាបនាផ្លូវថ្មី ដែលរួមមាន៖ ផ្លូវជាតិលេខ៤១ចាប់ពីផ្លូវជាតិលេខ៤រហូតដល់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៧១សេចាប់ពីក្រុងសួងរហូតដល់ចំការលើ ផ្លូវជាតិលេខ៥០ ចាប់ពីខេត្តកំពង់ឆ្នាំងរហូតដល់ខេត្តកំពង់ធំ ផ្លូវជាតិលេខ៧១ ចាប់ពីត្រើងរហូតដល់កំពង់ថ្ម (ចាប់ពីផ្លូវជាតិលេខ៧រហូតដល់ផ្លូវជាតិលេខ៦) និងផ្លូវជាតិលេខ១៤៨បេ ចាប់ពីផ្លូវជាតិលេខ៤ រហូតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លើសពីនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់ផងដែរអំពីគម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅជម្រៅ១៤ម៉ែត្រកន្លះ និងមួយទៀតជម្រៅ១៧ម៉ែត្រកន្លះដើម្បីអាចឱ្យនាវាធំៗដឹកទំនិញក្នុងតម្លៃប្រកួតប្រជែង ឆ្ពោះត្រង់ទៅកាន់សហរដ្ឋអាមេរិក។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមកិច្ចប្រជុំពិភាក្សាក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជនដោយផ្តោតលើការពិនិត្យដោះស្រាយសំណូមពរ និងបញ្ហាប្រឈមរបស់វិស័យឯកជន ជាពិសេស បញ្ហាសំខាន់ៗទាក់ទងនឹងការកាត់បន្ថយការចំណាយលើការដឹកជញ្ជូន /ភស្តុភារ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការតភ្ជាប់ និងការធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការថែទាំនិងជួសជុលផ្លូវជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here