ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ មានចំណូលជាមធ្យមជាង៤ពាន់ដុល្លារក្នុងមួយឆ្នាំ

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ជាមួយភាពរីកចម្រើន និងអភិវឌ្ឍន៍លើវិស័យសំណង់យ៉ាងឆាប់រហ័ស រួមជាមួយនឹងការយកចិត្តទុកដាក់លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា បានជំរុញឱ្យសេដ្ឋកិច្ចនៃខេត្តព្រះសីហនុមានភាពល្អប្រសើរដែលធ្វើឱ្យជាពលរដ្ឋមានលទ្ធភាពអាចរកបានចំណូលជាមធ្យមជាង៤ពាន់ដុល្លារក្នុងមួយឆ្នាំ និងបង្កើនអត្រាកំណើនសេដ្ឋកិច្ចប្រមាណ ៩.៩ភាគរយ។

ប្រធានក្រុមប្រឹក្សាភិបាលខេត្តព្រះសីហនុ លោក ជាម ហ៊ីម បានមានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ថា លទ្ធផលបទពិសោធន៍ និងបញ្ហាប្រឈមនានា ជុំវិញការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់រដ្ឋបាលខេត្តព្រះសីហនុ គឺមានភាពល្អប្រសើរគួរជាទីមោទន។

លោកបានបន្តទៀតថា “ក្នុងរយៈពេលពេញមួយឆ្នាំក្នុងការដឹកនាំចាត់ចែង និងអនុវត្តតាមតួនាទីភារកិច្ចបានយ៉ាងសកម្ម តាមជំនាញរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវ សម្រេចបានជោគជ័យថ្មីៗជាច្រើន”។ លោកបានបន្តទៀតថា “ទាំងអស់នេះកើតចេញពីសន្តិភាពពេញលេញ បរិបូណ៌ មានសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមនៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាមគ្គុទេសដ៏ឆ្នើមរបស់ប្រជាពលរដ្ឋ”។

ជាមួួយនឹងកិច្ចអនុវត្តការងារទៅតាមភារកិច្ចរបស់មន្ត្រីពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ បានជំរុញឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើន លើគ្រប់វិស័យទូទាំងខេត្ត ដែលក្នុងរួមមានដូចជា ប្រព័ន្ធផ្លូវថ្នល់ ផ្លូវប៉្របឆ្នេរសមុទ្រ ប្រព័ន្ធលូ សួនច្បារ ឆ្នេរសមុទ្រ និងប្រព័ន្ធការពារបរិស្ថាន ដោះស្រាយទំនាស់ផ្សេងៗបានជាបន្តបន្ទាប់។ បន្ថែមពីនេះ នៅមានការពង្រឹងកិច្ចអភិវឌ្ឍតំបន់ផែសមុទ្រ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ (កងកេង) ជម្រុញការងារវិនិយោគក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

រាល់សមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ដែលអាចមានប្រាក់ចំណូលជាមធ្យមក្នុងម្នាក់ទទួលបាន ៤,១៧៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ និងបង្កើនអត្រាកំណើនសេដ្ឋកិច្ច ៩.៩ភាគរយ ធ្វើឱ្យអត្រាភាពក្រីក្រធ្លាក់ចុះមកត្រឹម ៤.៤៥ភាគរយ ប្រជាពលរដ្ឋមានជីវភាពរស់នៅប្រកបដោយសុខដុមរមនា និងសុភមង្គលគួរជាទីមោទនៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here