ទេសចរណ៍ក្នុងស្រុកបានផ្តល់ចំណូល៥០០លានដុល្លារចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ

0

ដោយ ប៊ី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់់ក្រសួងទេសចរណ៍បានអះអាងថា ទេសចរណ៍ក្នុងស្រុកបានផ្តល់ចំណូល៥០០លានដុល្លារ ខណៈទេសចរណ៍អន្តរជាតិបាន​ចាក់ចំណូល៥០០០លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជា។

លោកទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងក្នុងសន្និសីទសារព័ត៌​មានស្តីពី “វឌ្ឍនៈភាព និងទិសដៅការងារបន្តរបស់ក្រសួងទេសចរណ៍” កាលពីថ្ងៃទី ២ មីនាកន្លងមកថា កម្ពុជាទទួលបានចំណូល ពីទេសចរណ៍អន្តរជាតិជាង៥០០០លាន ដុល្លារអាមេរិក ហើយទេសចរណ៍ក្នុងស្រុក មានប្រមាណ៥០០លានដុល្លារអាមេរិក ដែលបានចាក់បញ្ចូ​លទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ។

ប៉ុន្ដែនៅដើមឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរបរទេស ហាក់មានការធ្លាក់ចុះវិញ ប្រមាណ១៥ភាគរយ ដោយសារផ្ទុះវីរុសកូរ៉ូណា ឬ Covid-19 ដែលជាបញ្ហាប្រឈមសកល។

ឆ្លើយតបបន្ទាន់នឹងបញ្ហានេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ ដើម្បីជួយសម្រួលដល់ប្រតិបត្តិករទេសចរ នៅក្នុងប្រទេសកម្ពុជា ពិសេសម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ផ្សេងៗ ដើម្បីកាត់បន្ថយការចំណាយជូនរដ្ឋ ស្របពេលដែលទេសចរណ៍មានការធ្លាក់ចុះនេះ។

ក្រោយទទួលបានអនុសាសន៍ពីសម្ដេចតេជោ ហ៊ុន សែន ក្រសួងទេសចរណ៍ដែលជាក្រសួងសាមី ទទួលបន្ទុកកិច្ចការងារនេះ បានផ្សព្វផ្សាយ និងកសាងផែនការយុទ្ធសាស្ដ្រ ដើម្បីជួយជំរុញក៏ដូចជាស្ដារឡើងវិញ នូវបញ្ហាប្រឈមនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ដែលបង្កដោយវីរុសកូរ៉ូណា ឬ Covid-19 នៅប្រទេសចិន។

លោកទិត ចន្ថាបានបន្តថា វិធានការណ៍ដែលក្រសួងបានដាក់ចេញ និងអនុសា​សន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើឲ្យស្ថានភាពវិស័យទេសចរណ៍ប្រសើរឡើងវិញ។លោកបានកត់សម្គាល់ថា បើទោះបីចំនួនភ្ញៀវទេសចរបរទេស ដែលចូលមកទស្សនានៅប្រទេសកម្ពុជា មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្ដែសកម្មភាព និងគោលដៅទេស​ចរណ៍ទាំងអស់នៅរស់រវើក។

លោកចាត់ទុកថា “ក្នុងអំឡុងពេលនៃធ្លាក់ចុះនេះ ក៏ជាឱកាសឲ្យសម្រាប់កម្ពុជា ដើម្បីរៀបចំគោលដៅទេសចរណ៍ កាន់តែល្អបន្ថែមទៀតផងដែរ”។លោកថា “យើងបាននិងកំពុងអនុវត្តភា្លមទាន់ពេលវេលា ចំពោះវិធានការទាំងអស់នេះ ដោយយើងបានមើលឃើញ អំពីកត្ដាពាក់ព័ន្ធនេះជាច្រើនកន្លងមកហើយ ហើយយើងអត់រង់ចាំទេ យើងបានចាំផ្ដើមធ្វើកិច្ចការនេះតាំងពីចាប់ផ្ដើមដំបូងមកម្ល៉េះ”។

វិធានការ៤សំខាន់ បូកផ្សំជាមួយសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុន សែន ថែមទៀតដែលយើងកំពុងអនុវត្តន៍។ យើងសង្ឃឹមការអនុវត្តនេះ មានប្រសិទ្ធភាពខ្ពស់ យើងមានយន្ដការ យើងមានបទពិសោធន៍ យើងមានធនធានធ្វើ ហើយរួមគ្នាទាំងអស់ទាំងរដ្ឋ ឯកជន និងប្រជាពលរដ្ឋផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here