ដោយវុត្ថា
ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថា កំណើនប្រជាពលរដ្ឋនៅក្នុងស្រុក និងបរទេសនៅក្នុងទីក្រុងភ្នំពេញពីមួយឆ្នាំ ទៅមួយឆ្នាំបានជំរុញឱ្យមានការផ្គត់ផ្គង់ខុនដូជាច្រើន ក្នុង រយៈពេលប៉ុន្មានឆ្នាំងកន្លងមកនេះ ខណៈតាមការព្យាករណ៍បានបង្ហាញក្នុងរយៈពេល៥ ឆ្នាំទៅមុខទៀត ប្រជាពលរដ្ឋខ្មែរចាប់អារម្មណ៍រស់នៅក្នុងខុនដូកាន់តែច្រើន។

-->
លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន V Trust Appraisal បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២ ខែមីនាកន្លងមកឱ្យដឹងថា កំណើនប្រជាជន និង ជនបរទេសដែលមករស់នៅ និងធ្វើការនៅក្នុងទីក្រុងភ្នំពេញ បានធ្វើឱ្យខុនដូបន្តកើនឡើងជាប្រចាំឆ្នំា ដែលខុនដូភាគច្រើនបានទិញដោយជនជាតិចិន និងជនបរទេសមកពីតំបន់អាស៊ីដែលមករស់នៅនិងធ្វើការនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា “ក្នុងរយៈពេល២ ឬ៣ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋនៅក្នុងស្រុកជាពិសេសប្រជាពលរដ្ឋដែលទើបរៀបការ និងវ័យក្មេងជាច្រើនក៏បានទិញខុនដូ សម្រាប់រស់នៅផងដែ”។ លោកបន្ថែមថា “ការសម្រួលឱ្យមានការបង់រំលស់ មានភាពងាយស្រួល បានបង្កើនលទ្ធភាពដល់អ្នកទិញ និងជាកត្តាជំរុញដល់ការបង្កើនទីផ្សារខុនដូ”។
លោកហ៊ឹម សីហាបានបន្ថែមថា ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសបានជំរុញឱ្យវិស័យដីធ្លី មានការកើនឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យទីតាំងសម្រាប់សាងសង់អគារស្នាក់ក្នុងកំពស់ទាបកាន់មានភាពតិច ខណៈដែលការរស់នៅតាមបែបថ្មី (រស់នៅក្នុងខុនដូ)បាននឹងកំពុងទទួលបានការគាំទ្រ និងពេញនិយមក្នុងចំណោមប្រជាពលរដ្ឋក្នុងស្រុកវ័យក្មេង និងជនបរទេសបានធ្វើឱ្យគម្រោងខុនបន្តកើនឡើងជាលំដាប់។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia លោកខន គង្គា ធ្លាប់បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា នៅក្នុងឆ្នាំនេះ តម្រូវការទីផ្សារខុនដូនឹងមានការកើនឡើង ប៉ុន្តែសម្រាប់តែប្រភេទខុនដូដែលមានតម្លៃទាប ឬតម្លៃសមរម្យតែប៉ុណ្ណោះ។
លោកបន្តថា “ចាប់តាំងពីដើមឆ្នាំ២០១៩មក ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនធំបានងាកមកចាប់អារម្មណ៍លើទីផ្សារខុនដូ ដែលមានតម្លៃសមរម្យ ដែលផ្តោតសំខាន់លើអតិថិជនក្នុងស្រុកច្រើនជាងអតថិជនក្រៅស្រុក ដែលការផ្លាស់ប្ដូរទាំងនេះក៏ព្រោះតែគេបានសិក្សាច្បាស់ពីតម្រូវការទីផ្សារពិតប្រាកដ”។
នាយិកាប្រចាំប្រទេសក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានទទួលស្គាល់នូវការលើកឡើងខាងលើនេះ ដោយលោកស្រីបានបញ្ជាក់ថា តម្រូវការទីផ្សារខុនដូប្រភេទតម្លៃសមរម្យ ពិតជាមានអត្រាខ្ពស់ជាងប្រភេទខុនដូតម្លៃមធ្យម និងខុនដូដែលមានតម្លៃខ្ពស់។
លោកស្រីបានបន្តថា “ខុនដូតម្លៃសមរម្យភាគច្រើន មានតម្រូវការខ្ពស់ពីសំណាក់អតិថិជនក្នុងស្រុក ដែលជាជនជាតិខ្មែរ”។ លោកស្រីបន្ថែមថា “ពួកគាត់បានយល់ និងស្គាល់ពីគុណតម្លៃនៃការស្នាក់នៅក្នុងខុនដូ ហើយពួកគាត់ទិញសម្រាប់រស់នៅ ច្រើនជាងទិញសម្រាប់ទុកវិនិយោគបន្ត”។
លោកស្រីបានបន្តទៀតថា ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ គឺមានតម្លៃប្រមាណ១២០០ដុល្លារក្នុងមួយម៉ែត្រ ដោយឡែកខុនដូតម្លៃមធ្យម ឬតម្លៃកណ្តាល គឺមានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់ មានតម្លៃចាប់ពីប្រមាណ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់ៗ។
លោកស្រីបានបន្តទៀតថា និយាយរួមទៅ ការវិនិយោគទៅលើប្រភេទខុនដូតម្លៃសមរម្យ នៅតែមានភាពល្អប្រសើរទាំងនៅក្នុងឆ្នាំ២០២០នេះ និងបន្តទៅឆ្នាំក្រោយទៀត ព្រោះកាលណាតម្លៃទាប នឹងមានទីផ្សារទូលាយ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីអតិថិជនក្នុងស្រុក ជាពិសេសជនជាតិខ្មែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីពេលថ្មីនេះ ក៏បានលើកឡើងពីវិធានការក្នុងរយៈពេលខ្លី ជុំវិញផលប៉ះពាល់ពីជំងឺកូវីដ១៩ ដើម្បីសម្រួលដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និងសាសងសង់សាងសង់ខុនដូងាយស្រួលលក់ និងអាចចំណេញលុយខ្លះ។
សម្ដេចតេជោហ៊ុន សែនបានបញ្ជាក់ជាថ្មីថា ចំពោះការទិញខុនដូតម្លៃសមរម្យទាំងឡាយណាដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ នឹងមិនត្រូវបានជាប់ពន្ធប្រថាប់ត្រា ដូចគ្នាទៅនឹងការទិញលំនៅដ្ឋានទូទៅផងដែរ ដោយមានរយៈពេលពេញមួយឆ្នាំ និងបានជំរុញឱ្យពលរដ្ឋដែលមានលុយទិញខុនដូនាពេលនេះ។

សម្ដេចតេជោថា “អ្នកមានលុយគួរតែទៅទិញទៅ ព្រោះអាផ្ទះតម្លៃចាប់ពី៧ម៉ឺនដុល្លារចុះក្រោម អាខុនដូតម្លៃក្រោម៧ម៉ឺន អត់មានជាប់ពន្ធប្រថាប់ត្រានោះទេ”។
ចំនួនប្រជាជននៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន មានចំនួនជាង២លាននាក់ ដោយជាងពាក់កណ្ដាលនៃចំនួននេះ (៥៦ភាគរយ) ជាអ្នកចំណាកស្រុកពីតាមខេត្តនានា ចូលមកបន្តការសិក្សា និងធ្វើការ រកស៊ី នៅក្នុងរាជធានីភ្នំពេញ ខណៈផ្ទៃដីបានពង្រីកទំហំទ្វេដង ពីទំហំផ្ទៃដីប្រមាណជាង៣០០គីឡូម៉ែត្រការ៉េ រហូតដល់ផ្ទៃដីប្រមាណ៧០០គីឡូម៉ែត្រការ៉េ ដោយសារតែមានកំណើនវិនិយោគ និងប្រជាជនកាន់តែច្រើននៅក្នុងទីក្រុងនារយៈពេលចុងក្រោយនេះ ៕