ដោយ ហ្សូលី
ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) កាលពីថ្ងៃសុក្រសប្តាហ៍មុន បានចេញវិធានការណ៍មួយចំនួន ដើម្បីជួយដល់វិស័យដឹកជញ្ជូននិងសម្លៀកបំពាក់ ដែលបច្ចុប្បន្នកម្ពុជាមានការខ្វះខាតវត្ថុធាតុដើម ខណៈមានភាពទន់ខ្សោយនៅក្នុងការផ្គត់ផ្គង់មកពីប្រទេសចិន។

វិធានការនេះ ធ្វើតាមសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលថា រដ្ឋាភិបាលបានធ្វើសេចក្តីព្រាងផែនការគាំទ្រអាជីវកម្ម នៅក្នុងវិស័យកាត់ដេរនិងទេសចរណ៍ នៅពេលដែលពួកគេបានដោះស្រាយជាមួយនឹងផលវិបាកនៃការដកផ្នែកខ្លះ នៃសហភាពអ៊ឺរ៉ុប នូវគម្រោងអ្វីគ្រប់យ៉ាងលើកលែងអាវុធ (EBA) និងការផ្ទុះឡើងនូវមេរោគថ្មីនៅចិន។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានណែនាំមន្រ្តីឱ្យជួយសម្រួល ដល់ការដឹកជញ្ជូនសម្រាប់ក្រុមហ៊ុនដែលគោរពតាមបទប្បញ្ញត្តិ និងក្រុមហ៊ុនដែលប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
GDCE បានស្នើឱ្យមន្រ្តីធ្វើការឱ្យកាន់តែមានប្រសិទ្ធភាព ធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងសហការយ៉ាងជិតស្និទ្ធជាមួយតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ និងអាជ្ញាធរអាកាសយានដ្ឋាន ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន។
សេចក្តីប្រកាសនោះបានកត់សំគាល់ថា “យើងស្នើឱ្យមន្ត្រីគយទាំងអស់នឹងធ្វើការប្រកបដោយប្រសិទ្ឋភាព និងពន្លឿនការបំពេញឯកសារ សម្រាប់ការនាំចូលវត្ថុធាតុដើមសម្រាប់រោងចក្រកាត់ដេរ។ មន្ត្រីគយទាំងអស់ ត្រូវតែអនុវត្តតាមគោលការណ៍ណែនាំថ្មីប្រកបដោយប្រសិទ្ធភាពភ្លាមៗ” ។
ស្ថានទូតចិនប្រចាំនៅកម្ពុជាបាននិយាយថា វត្ថុធាតុដើមប្រហែល៦០ភាគរយដែលត្រូវបានប្រើ នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងស្រុកគឺមកពីប្រទេសចិន។
ស្ថានទូតបានឱ្យដឹងថា “ការរីករាលដាលនៃ Covid-19 នៅក្នុងប្រទេសចិនកំពុងតែធ្វើឱ្យរោងចក្រនានាឈឺចាប់។ ឥឡូវនេះមនុស្សជាច្រើនប្រឈមមុខ នឹងកង្វះខាតវត្ថុធាតុដើម។ រដ្ឋាភិបាលចិនប្តេជ្ញាស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័សបំផុត”៕






