ដោយ ប៊ី
ភ្នំពេញ៖ ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ប្រកបដោយសក្កានុពលសម្រាប់ការអភិវឌ្ឍកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការលើកឡើងបែបនេះរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវបានធ្វើឡើងក្នុងឱកាសជួបសម្តែងការគួរសមពី លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា “ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ប្រកបដោយសក្កានុពល សម្រាប់ការអភិវឌ្ឍកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ”។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានជម្រាបជូនលោកឯកអគ្គរាជទូត អំពីការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងវិស័យអាទិភាពសំខាន់ៗ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងសហការជិតស្និទ្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយនឹងក្រសួង/ស្ថាប័ន ទីភ្នាក់ងារ JICA និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចក្រព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន (កម្ពុជា-ថៃ) និងចក្រព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ (កម្ពុជា-វៀតណាម) ក្នុងរយៈពេលបីខែ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់។
លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងវិនិយោគរបស់ជប៉ុនទាំងនោះនៅកម្ពុជាផ្តោតសំខាន់លើផលិតផលគ្រឿងបង្គុំអគ្គីសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
លោកបន្តថា ចំណែកទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន នៅឆ្នាំ២០១៩ មានទំហំទឹកប្រាក់ប្រមាណជាង ២,២៩២ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនមានចំនួនទឹកប្រាក់ជាង ១,៧២៩ លានដុល្លារ និងកម្ពុជានាំចូលពីជប៉ុនមានទំហំទឹកប្រាក់ជាង ៥៦២ លានដុល្លារ។

លោកបន្ថែមទៀតថា ជាមួយគ្នានេះ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប បានប្រែក្លាយ ឌីជីថល ឆ្ពោះទៅកាន់ បដិវដ្តឧស្សាហកម្មទី ៤ (ឧស្សាហកម្ម ៤.០) ដែលសំដៅលើការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនមួយចំនួនដូចជា ការបោះពុម្ភ 3D បច្ចេកវិទ្យាមនុស្សយន្ត បច្ចេកវិទ្យាជីវសាស្ត្រ ការគណនាធំៗ និងស្មុកស្មាញ ទំនើបកម្មលើបណ្ដាញទូរគមនាគមន៍ និងចំណេះធ្វើថ្មីៗ អំពីការគ្រប់គ្រងផលិតកម្ម។
ឧស្សាហកម្ម ៤.០ ជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាព និងអត្ថប្រយោជន៍ ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ច ដោយមានការប្រកួតប្រជែងក្នុងរបត់ទីផ្សារពិភពលោក ដែលកំពុងធ្វើបដិវត្តន៍ឌីជីថល ៤.០៕






