ដោយវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន Titan Stone Group បានសម្ពោធម្រោងវិនិយោគធំៗ ចំនួន៤ សរុបជាទឹកប្រាក់ប្រមាណជា ៤៥០លានដុល្លារអាមេរិកដែលរួមានគម្រោងក្រុមហ៊ុនធានារាប់រង គម្រោងតំបន់សេដ្ឋកិច្ចពិសេស គម្រោងអគារពាណិជ្ជកម្ម និងគម្រោងអគារ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅក្នុងពិធីបើកសម្ពោធគម្រោងទំាង ៤ កាលពីពេលថ្មីៗនេះ បានទទួលស្គាល់ និងកោតសរសើរអំពីការវិនិយោគរបស់សហព័ន្ធក្រុមហ៊ុន Titan Stone Group នៅក្នុងប្រទេសកម្ពុជា និងការបន្តនាំយកមកនូវបច្ចេកវិទ្យាអន្តរជាតិ និងធនធានសំខាន់ៗមកកម្ពុជា។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាតែងបានចាត់ទុកការវិនិយោគ និងធុរកិច្ចក្នុងវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។ វឌ្ឍនភាពនៃវិស័យឯកជន ជាវឌ្ឍនភាពរួមរបស់ប្រទេសជាតិ។
លោកបន្ថែមថា ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងកង្វល់ៗធំរបស់វិស័យឯកជន ក៏ដូចជាដើម្បីជំរុញសក្តានុពលចីរភាពនៃកំណើន និងភាពធនមាំសម្រាប់ដំណើរការរយៈពេលវែងខាងមុខរបស់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីៗជាច្រើន សំដៅកាត់បន្ថយបន្ទុកចំណាយរបស់វិស័យឯកជន រួមចំណែកពង្រឹងភាពប្រកួតប្រជែង និងធ្វើឱ្យបរិយាកាសវិនិយោគធុរកិច្ចនៅកម្ពុជាកាន់តែមានភាពទាក់ទាញ៕






