លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា៖ ពលរដ្ឋចិនដែលស្នាក់នៅកំពុងប្រកបអាជីវកម្មនៅកម្ពុជាមានប្រមាណ២០ម៉ឺននាក់

0

ដោយវុត្ថា

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ពលរដ្ឋចិនដែលមកវិនិយោគ និងប្រកបមុខជំនួញនៅកម្ពុជាជាអចិន្រ្តៃយ៍មានប្រមាណ២០ម៉ឺននាក់ ហើយបានចាត់ទុកកម្ពុជាជាមាតុភូមិរបស់ខ្លួនហើយបានខិតខំយ៉ាងសកម្មក្នុងមុខជំនួញរបស់ខ្លួនដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

លោក ឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាកាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តីជូនចំពោះប្រតិភូសមាគមសម្ព័ន្ធខ្មែរចិន និងសមាគមនិកាយចិនហុកគៀននៅកម្ពុជាព្រមទាំងក្រុមគ្រួសារសាច់ញាតិរបស់សមាគមខ្មែរចិនដែលមានជាងមួយលាននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលក្នុងនោះមានពលរដ្ឋខ្មែរសែស្រឡាយចិនចំនួន៨០ម៉ឺននាក់ ។

លោកឧបនាយករដ្ឋមន្ត្រីថា “ដូចដែលលោកឧកញ្ញ៉ាបានលើកឡើងថាយើងទាំងអស់គ្នាបានឆ្លងកាត់ឧបសគ្គជាច្រើនរហូតមកដល់ពេលនេះ។ការខិតខំប្រឹងប្រែងរបស់យើងបានរួមចំណែកយ៉ាងពិតប្រាកដប្រកបដោយបញ្ញានិងគំនិតប៉ិនប្រសប់ដែលអាចនិយាយបានថាជាអ្នកទ្រទ្រង់នៅក្នុងការអភិវឌ្ឍសង្គមជាតិ”។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា “ម្យ៉ាងទៀតទាំងអស់គ្នាសុទ្ធតែជាអ្នកបានមើលឃើញផ្ទាល់និងរួមចំណែកដោយផ្ទាល់ក្នុងប្រទេសកម្ពុជាដែលចាត់ទុកថានេះជាមាតុភូមិរបស់យើង ជាកន្លែងដែលយើងរស់នៅប្រកបដោយមោទនភាព មានជាតិសាសនាព្រះមហាក្សត្រនិងមានវប្បធម៌ប៉ុន្តែផ្ទុយទៅវិញបើយើងទាំងអស់គ្នាមិនមានទឹកដីហើយទៅរស់នៅពឹងអាស្រ័យនៅឯបណ្តាប្រទេសដទៃទៀតក៏អាចរស់នៅបានដែរប៉ុន្តែនឹងបាត់បង់អ្វីមួយដែលហៅថាមាតុភូមិរបស់ខ្លួនដែលទាំងអស់គ្នាបានរួមចំណែកជាមួយគ្នាគ្រប់បែបយ៉ាងនិងគ្រប់កាលះទេសះហើយនឹងកត់ត្រាទុកនូវអ្វីដែលយើងបានខិតខំប្រឹងប្រែងជាមួយគ្នារយះពេល៤១ឆ្នាំមកនេះហើយកសាងបាននូវសមិទ្ធិផលជាច្រើនទុកអោយកូនចៅជំនាន់ក្រោយ”។

ចំពោះគំរោងប្រើប្រាស់ដីរបស់សមាគមសម្ព័ន្ធខ្មែរចិន និងសមាគមនិកាយចិនហុកគៀននៅកម្ពុជាក្នុងការកសាងមណ្ឌលថែទាំជនចាស់ជរាគ្មានទីពឹងវិញ លោក ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា បានផ្តល់ការឯកភាពនិងគាំទ្រលើគំរោងនេះព្រមទាំងបានសន្យានឹងឆ្លើយតបតាមការអញ្ជើញ របស់សមាគមក្នុងការចូលរួមបើកការដ្ឋានសាងសង់មណ្ឌលថែទាំជនចាស់ជរានេះនាពេលខាងមុខផងដែរ។

លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានឱ្យដឹងថា ការទទួលបាននូវកម្មសិទ្ធដី១៧១២៥៥ម៉ែត្រក្រឡានេះវិញគឺដោយសារទឹកចិត្តអនុគ្រោះដ៏ស្មោះសររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនិងទទួលបាននូវក្តីអាណិតគាំទ្រពីឯកឧត្តមឧបនាយករដ្ឋមន្រ្តីជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលបានផ្តល់នូវក្តីស្រលាញ់ដល់បងប្អូនខ្មែរចិនជាពិសេសផ្តល់លទ្ធភាពអោយសមាគមទទួលថែរក្សាមរតកដូនតាដែលបានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ។

លោកឧកញ្ញាបន្ថែមថា សមាគមសម្ព័ន្ធខ្មែរចិននិងសមាគមហុកគៀន បានព្រមព្រៀងគ្នានឹងប្រើប្រាស់ដីនេះមួយចំណែកសំរាប់កសាងមណ្ឌលថែទាំជនចាស់ជរាគ្មានទីពឹង ក្នុងន័យរួមចំណែកបំរើដល់កិច្ចការសង្គមកិច្ចនិងមនុស្សធម៌។

លោកឧកញ្ញ៉ាបន្តថា ក្រៅពីនេះសមាគមអាចនឹងដាក់ជួលដីនេះដើម្បីទទួលបានប្រាក់ចំណូលមកទ្រទ្រង់មណ្ឌលថែទាំជនចាស់ជរា និងការងារមនុស្សធម៌របស់សមាគមផងដែរ។ក្នុងនាមតំណាងអោយសមាគម លោកឧកញ្ញាបានសន្យាថានឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរួមចំណែកជួយដល់កិច្ចអភិវឌ្ឍជាតិ និងចូលរួមរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជាចិនអោយកាន់តែមានភាពជិតស្និទ្ធនិងរឹងមាំថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here