ទុនវិនិយោគថ្មីក្នុងវិស័យទេសចរណ៍ប្រមាណ ២៤៧លានដុល្លារបានហូរចូល កម្ពុជាដើមឆ្នាំ២០២០

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២០កន្លងទៅនេះទំហំទុនវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា បានបន្តកើនឡើងបន្ថែមទៀត ក្រោមការបណ្តាក់ទុនពីក្រុមហ៊ុនអន្តរជាតិចំនួន៣គម្រោង ដែលមានទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ២៤៧លានដុល្លារ។

រដ្ឋលេខាធិកាក្រសួងទេសចរណ៍ លោកទិត ចន្ថាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះថា បើទោះបីជាកម្ពុជាកំពុង ស្ថិតនៅក្នុងដំណាក់កាលដែលប្រឈមនឹងការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា ដែលបណ្តាលមកពីការរាត​ត្បាតនៃមេរោគ Covid-19 ប៉ុន្តែក្នុងរយៈពេល២ខែកន្លងទៅ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត និងគាំទ្រទៅលើគម្រោងស្នើសុំវិនិយោគ មកពីក្រៅប្រទេសចំនួន៣គម្រោង ដែលមានទំហំទុនសរុបប្រមាណ២៤៧លានដុល្លារ។

លោកបន្តទៀតថា “គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ ដែលក្រុមប្រឹក្សាអភិវ​ឌ្ឍន៍កម្ពុជា និងក្រសួងទេសចរណ៍ បានគាំទ្រអោយធ្វើការវិនិយោគនោះ មានគម្រោងសាងសង់សួនទឹក កន្លែងលេងកំសាន្តសប្បាយដ៏ធំមួយ កន្លែងនៅខេត្តសៀមរាប គម្រោ​ងសាងសង់ផ្សារទេសចរណ៍ទំនើប នៅក្នុងរាជធានីភ្នំពេញ និងគម្រោងសាងសង់សណ្ឋា​គារលំដាប់ផ្កាយប្រាំនៅខេត្តព្រះសីហនុ ដែលបូកជាមួយគម្រោងវិនិយោគដែលកម្ពុជាមានស្រាប់កាលពីឆ្នាំ២០១៩ ទំហំទុនសរុបបានកើនឡើងរហូតដល់៦,៩០២លានដុល្លារ ”។

តាមរបាយការណ៍ដែលបង្ហាញ ដោយក្រសួងទេសចរណ៍បានឱ្យដឹងថា កាលពីឆ្នាំ២០១៩រដ្ឋាភិបាលបានសម្រេចគាំទ្រ និងអនុម័តទៅលើគម្រោងវិនិយោគក្នុងវិស័យទេស ចរណ៍ចំនួន២០ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ៦៦៥៥លានដុល្លារ ដែលក្នុងនោះរួមមាន គម្រោងវិនិយោគខ្នាតធំៗចំនួន៤បានលេចធ្លោ ដូចជា គម្រោងសាងសង់តំប ន់ទេសចរណ៍ពិសិដ្ឋ គម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំ នៅក្នុងខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍កោះសេះក្នុងខេត្តកំពត និងគម្រោងនាគរាជដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here