ដោយវុត្ថា
ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល២ខែ នៃឆ្នាំ ២០២០ នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន១៣៦,៤៩៩តោន កើនជាង២២% បើធៀបទៅ២ខែដើមឆ្នាំ២០១៩។

ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែកុម្ភៈបាននាំចេញជាង៨៦,០០០តោន ដែលកើនជាង៣៥,០០០តោន ធៀបទៅខែមករាឆ្នាំ២០២០។
របាយការណ៍ដដែលបានផ្សព្វផ្សាយ កាលនៅក្នុងដើមខែមីនា ឆ្នាំ ២០២០នេះ បង្ហាញថា ក្នុងរយះពេល២ខែដើមឆ្នាំនេះគឺ ប្រទេសចិនបានស្រូបយក៣៧% សហគមន៍អឺរ៉ុបរួមទាំងអង់គ្លេស៣០% ប្រទេសនៅក្នុងបណ្តារសហគមន៍អាស៊ាន១៨% និងបណ្តាគោលដៅផ្សេងមានជាង១៤%។
របាយការណ៍ដដែលបញ្ជាក់ទៀតថា បើធៀបខែកុម្ភៈ២០២០ ជាមួយ២០១៩ ឃើញថា កំនើនទៅអ៊ឺរ៉ុបកើនឡើង១២៦% ដោយកើនពី១០០៨០ តោន ទៅ២២៧៥៣តោន។ ទីផ្សារប្រទេសចិនកើន៣៣% ដោយកើនពី២៧១៨៦តោន ទៅ៣៦០៨៥តោន ទីផ្សារក្នុងប្រទេសអាស៊ាន១១៩% កើនពី៨៨២៥តោន ទៅ១៩៣៤៧តោន និងទីផ្សារផ្សេងកើនពី៦៧៧០តោន ដល់ចំនួន៧៨៦៤តោន។ ជារួមសំរាប់ខែកុម្ភៈ២០២០កើន ៦៣% ធៀបទៅខែកុម្ភៈ២០១៩។
សហព័ន្ធស្រូវអង្ករកម្ពុជាពន្យល់ថា មានកក្តាជាច្រើនដែលជំរុញអោយមានការបញ្ជារទិញកើនឡើងដែលក្នុងនោះរួមមាន ទី១ ទីផ្សារសហគមន៍អឺរ៉ុប អាត្រាពន្ធនាំចូលបានធ្លាក់ចុះពី ១៧៥ អឺរ៉ូ មក ១៥០អឺរ៉ូ។ ទី២ កេរ្តិ៍ឈ្មោះអង្ករកម្ពុជាបានកំពុងកើនឡើង ក្រោយកិច្ចផ្សព្វផ្សាយ និងយុទ្ធនាការណ៍នានា លើការប្រឹងប្រែងរបស់កសិករកម្ពុជា លើកាផលឹតស្រូវសរីរាង្គ ការផលឹតស្រូវដែលមាននិរន្តភាព ការផលឹតស្រូវដែលគោរពតាមគោលការណ៍សមធម៌ពាណិជ្ជកម្មជាដើម។
ទី៣ ការធ្វើពិពិធកម្ម ប្រភេទទំនិញអង្ករពីអង្ករ សំរិត មកត្រឹមអង្ករសំរូប ដែលមិនជាប់ពន្ធនាំចូល និងទី៤ ទីផ្សារប្រទេសចិន ដោយសារភាពអស្ចារ្យ របស់សម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទៅទស្សនៈកិច្ចក្នុងពេលថ្មីៗនេះ បានអង្រួនបេះដូងប្រជាជនចិន ហើយចាប់ផ្តើមស្គាល់កម្ពុជាកាន់តែខ្លាំង ដែលធ្វើអោយតម្រូវការអ្នកប្រើប្រាស់ និងសួររកអង្ករកម្ពុជានៅតាមទីផ្សារកាន់តែខ្លាំងឡើង(យោងតាមព័ត៌មានពីអ្នកបញ្ជារទិញអង្ករ)៕






