ដោយ ហ្សូលី
ភ្នំពេញៈ រោងចក្រកាត់ដេរ ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា និងវៀតណាម កំពុងជួបហានិភ័យជាច្រើន ដូចជា ផ្អាកអាជីវកម្ម បិទដំណើរការ ខ្វះខាតធនធាន ជាដើម ដែលបង្កឱ្យមានការប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
រោងចក្រកាត់ដេរសម្លៀកបំពាក់ តម្លៃរាប់ពាន់លានដុល្លារនៅកម្ពុជា កំពុងប្រឈមនឹងហានិភ័យ និងការរំខានខ្សែសង្វាក់ផលិតកម្ម ដោយសារការផ្ទុះឡើងនៃមេរោគកូរ៉ូណា ខណៈការរាលដាលនេះ ធ្វើឱ្យឧស្សាហកម្មក្នុងអាស៊ីអាគ្នេយ៍ជាប់គាំង ដែលជាហេតុប ណ្តាលឱ្យពាណិជ្ជកម្មព្រំដែនមានការរអាក់រអូល។
ប្រទេសកម្ពុជាកំពុងមានភាពតានតឹង ជាមួយនឹងវិស័យកាត់ដេរ ដែលមានទឹកប្រាក់សរុបចំនួន៧ពាន់លានដុល្លារអាមេរិក ដែលពឹងផ្អែកលើវត្ថុធាតុដើមប្រទេសចិនដល់ទៅ៦០%។
កាលពីសប្តាហ៍មុន ក្រសួងការងារបានប្រកាសថា រោងចក្រចំនួន១០បានកាត់បន្ថយផលិតកម្មរបស់ខ្លួន និងរោងចក្រជិត២០០ ត្រូវបានគេរំពឹងថា នឹងអស់ស្តុកវត្ថុធាតុដើម។ នេះអាចបង្កហានិភ័យដល់កម្មករ និងនិយោជិក១៦០.០០០នាក់ ដែលច្រើនជាង ២០ភាគរយ នៃកម្លាំងពលកម្ម៧០០.០០០នាក់នៅក្នុងវិស័យនេះ។
រីឯវៀតណាមវិញក៏នឹងខាតបង់ទឹកប្រាក់ចំនួន២ពាន់លានដុល្លារដែរ ប្រសិនបើវត្ថុធាតុដើម ដែលមានប្រភពមកពីប្រទេសចិន ត្រូវបានពន្យាពេលសម្រាប់មួយសប្តាហ៍ទៀត។
ដូចប្រទេសកម្ពុជាដែរ ឧស្សាហកម្មរបស់ប្រទេសនេះ បានពឹងផ្អែកលើប្រទេសចិនសម្រាប់ក្រណាត់ចំនួន៦០ភាគរយ ដើម្បីជម្រុញខ្សែសង្វាក់ផលិតកម្ម សម្លៀកបំពាក់របស់ខ្លួន។
រហូតមកដល់ពេលនេះ ការនាំចេញសម្លៀកបំពាក់របស់វៀតណាម បានធ្លាក់ចុះ ១,៧ភាគរយស្មើនឹង៤,៥ពាន់លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។
សូម្បីតែប្រព័ន្ធដឹកជញ្ជូនក៏មានភាពយឺតយ៉ាវដែរ ដែលជាហេតុធ្វើឱ្យមានការប៉ះពាល់ដល់ដំណើរការផលិតកម្ម និងរាំងស្ទះដល់ចរន្តសេដ្ឋកិច្ចរបស់ប្រទេសនេះ៕
(AFP)






