កម្ពុជានាំចេញទំនិញចំនួន ៥៩,២ ទ្រីលានរៀល

0

ដោយវុត្ថា

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជាបាននាំចេញទំនិញចំនួន ៥៩,២ទ្រីលានរៀល (កើន ១២,៧% ធៀបឆ្នាំ២០១៨) ដោយឡែកបាននាំចូលទំនិញ ចំនួន ៩០,៤ទ្រីលានរៀល (កើន ១៨,៦%)។ ជាលទ្ធផលឱនភាពគណនីទំនិញមានចំនួន ៣១,២ទ្រីលានរៀល។ នេះ បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាដែលបង្ហាញកាលពីថ្ងៃទី ៣ ខែមីនា ម្សិលមិញនេះ ។

របាយការណ៍ដដែលបន្តថា ផលិតផលសំខាន់ៗ ៥ ប្រភេទ ដែលប្រទេសកម្ពុជានាំចេញទៅអន្តរជាតិគិតជាភាគរយនៃការនាំចេញសរុបរួមមាន៖ សម្លៀកបំពាក់ ៥៦,៦៧ % ផលិតផលវាយនភ័ណ្ឌ ៨,៩១ % ស្បែកជើង ៨,៧២ % អង្ករ ២,៨៩ % និង ទោចក្រយាន ២,៨៨ % ។

សម្រាប់ផលិតសំខាន់ៗ ៥ប្រភេទ ដែលប្រទេសកម្ពុជានាំចូលពីអន្តរជាតិគិតជាភាគរយនៃការនាំចូលសរុបរួមមាន៖ វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ ២០,២០ % រថយន្ត ១០,៥៣ % ប្រេងឥន្ទនៈ ៨,៥២ % សម្ភារៈ និងបរិក្ខាសំណង់ ៧,៥៣ % និងម្ហូបអាហារ ៤,៤៤% ។

ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសកម្ពុជា ក្នុងនាំទំនិញចេញរួមមានប្រទេសអាមេរិក ២៩,៦% ប្រទេសជប៉ុន ៧,៧ % ប្រទេសអាល្លឺម៉ង់ ៧,២ % ប្រទេសចិន ៦,៩ % និងចក្រភពអង់គ្លេស ៦,៦ % ។ ចំណែកប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសកម្ពុជាក្នុងនាំចូលរួមមាន៖ ប្រទេសចិន ៤៣,១ % ប្រទេសថៃ ១៥,៥ % ប្រទេសវៀតណាម ១៣,៦ % ប្រទេសជប៉ុន ៤,៧ % និងប្រទេសកូរ៉េខាងត្បូង ៣,៤ % ៕

LEAVE A REPLY

Please enter your comment!
Please enter your name here