ដោយ: រ៉ាណេត
ភ្នំពេញ: នៅក្នុងឆ្នាំ២០២០នេះ សម្រាប់ទីផ្សារខុនដូ ដែលមានតម្លៃសមរម្យនឹងកាន់តែមានតម្រូវការទីផ្សារខ្ពស់ជាងឆ្នាំកន្លងទៅ ខណៈដែលប្រភេទខុនដូតម្លៃមធ្យម និងកម្រិតខ្ពស់អាចនឹងប្រឈមឱនភាពរាប់ទាំងការជួល និងការលក់ ដែបណ្តាលមកពីភាពភ័យខ្លាចនៃការរាតត្បាតនៃមេរោគ Covid–19។

-->
នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា បើទោះជាស្ថិតនៅក្នុងស្ថានភាព នៃការប្រឈមរបស់វិស័យនានានៅកម្ពុជា ដែលបណ្តាលមកពីបញ្ហានៃការរាតត្បាតនៃជំងឺ Covid–19 ក៏ដោយ ប៉ុន្តែតម្រូវការទីផ្សារខុនដូប្រភេទតម្លៃសមរម្យ នៅតែអាចរក្សាបាននូវតម្រូវការខ្ពស់ជាងប្រភេទខុនដូតម្លៃមធ្យម និងខុនដូដែលមានតម្លៃខ្ពស់។
លោកស្រីបានបន្តថា “ខុនដូតម្លៃសមរម្យភាគច្រើន មានតម្រូវការខ្ពស់ពីសំណាក់អតិថិជនក្នុងស្រុក ដែលជាជនជាតិខ្មែរ”។ លោកស្រីបន្ថែមថា “ពួកគាត់បានយល់ និងស្គាល់ពីគុណតម្លៃនៃការស្នាក់នៅក្នុងខុនដូ ហើយពួកគាត់ទិញសម្រាប់រស់នៅ ច្រើនជាងទិញសម្រាប់ទុកវិនិយោគបន្ត”។
លោកស្រីបានបន្តទៀតថា ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ មានតម្លៃប្រមាណ១២០០ដុល្លារក្នុងមួយម៉ែត្រ ដោយឡែកខុនដូតម្លៃមធ្យមឬតម្លៃកណ្តាល មានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់គឺមានតម្លៃចាប់ពីប្រមាណ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់ៗ។
លោកស្រីបានបន្តទៀតថា “និយាយរួមទៅ ការវិនិយោគទៅលើប្រភេទខុនដូតម្លៃសមរម្យ នៅតែមានភាពល្អប្រសើរទាំងនៅក្នុងឆ្នាំ២០២០នេះ និងបន្តទៅឆ្នាំក្រោយទៀត ព្រោះកាលណាតម្លៃទាប នឹងមានទីផ្សារទូលាយ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីអតិថិជនក្នុងស្រុក ជាពិសេសជនជាតិខ្មែរ”។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia លោក ខន គង្គា បានមានប្រសាសន៍យល់ស្របទៅនឹងការលើកឡើងខាងលើនេះ ដោយលោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ តម្រូវការទីផ្សារខុនដូនឹងមានការកើនឡើង ប៉ុន្តែសម្រាប់តែប្រភេទខុនដូដែលមានតម្លៃទាប ឬតម្លៃសមរម្យតែប៉ុណ្ណោះ។
លោកបន្តថា “ចាប់តាំងពីដើមឆ្នាំ២០១៩មក ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនធំបានងាកមកចាប់អារម្មណ៍លើទីផ្សារខុនដូដែលមានតម្លៃសមរម្យ ដែលផ្តោតសំខាន់លើអតិថិជនក្នុងស្រុកច្រើនជាងអតថិជនក្រៅស្រុក ដែលការផ្លាស់ប្ដូរទាំងនេះក៏ព្រោះតែគេបានសិក្សាច្បាស់ពីតម្រូវការទីផ្សារពិតប្រាកដ”។

លោកខន គង្គា បានមានប្រសាសន៍បន្តទៀតថា ការបង្វែរគោលដៅមកកាន់ទីផ្សារខុនដូកម្រិតសមរម្យ មានអត្រាជោគជ័យខ្ពស់ ដោយសារតែមានតម្រូវការទីផ្សារស្រាប់នៅក្នុងស្រុក។ ឱ្យតែជាប្រភេទខុនដូ ដែលមានតម្លៃចាប់ពី២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េចុះក្រោម មិនពិបាកស្វងរកទីផ្សារនោះទេ ហើយវាក៏ផ្តល់ឱកាសដល់អ្នកដែលមានបំណងទិញដើម្បីវិនិយោគបន្តផងដែរ ដោយសារតែការចំណាយទៅលើការទិញខុនដូដែលមានតម្លៃត្រឹម១០ម៉ឺនក្នុងមួយយូនីត អាចមានឱកាសទទួលបានពីការជួលត្រឡប់មកវិញប្រមាណ១៣ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬចំណូលមិនក្រោម៧០០–៨០០ដុល្លារក្នុងមួយខែនោះទេ ដែលវាប្រសើរជាងការទិញផ្ទះ ក្នុងតម្លៃប្រមាណ១៥ម៉ឺន។
លោកបន្ថែមថា “ប៉ុន្តែអ្នកវិនិយោគអាចទទួលបានចំណូលប្រចាំខែ ពីការជួលត្រឹម៣០០–៤០០ដុល្លារតែប៉ុណ្ណោះ។ ដូច្នេះការទិញឬវិនិយោគខុនដូកម្រិតតម្លៃសមរម្យ នៅតែជាជម្រើសល្អ” ៕