លោកសាយ សំអាល់ៈ ខេត្តព្រះសីហនុនឹងក្លាយជាខេត្តទំនើបស៊ីវិល័យ និងជាគោលដៅវិនិយោគលើពហុវិស័យ

0

ដោយនៅ ស៊ីវុត្ថា

ព្រះសីហនុៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសាយ សំអាល់បានមានប្រសាសន៍ឱ្យដឹងថា ខេត្តព្រះសីហនុនឹងក្លាយជាខេត្តទំនើប ស៊ីវិល័យ និងជាគោលដៅវិនិយោគលើពហុវិស័យដ៏ទាក់ទាញបំផុត ខណៈខេត្តមួយនេះ រាជរដ្ឋាភិបាលបានបោះទុនស្តារ និងស្ថាបនាហេដ្ឋារសម្ព័ន្ធនៅក្នុងក្រុងឱ្យមានភាពទាក់ទាញ និងបរិស្ថានស្អាត។

លោក សាយ សំអាល់  នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុនាថ្ងៃទី៣ ខែមីនា ម្សិលមិញនេះឱ្យដឹងថា បច្ចប្បន្ននេះ តាមរយៈគោលការណ៍ស្លឹកត្នោតខ្ចប់ស្ករត្នោត របស់រដ្ឋាភិបាល  កញ្ចប់ថវិកាជាតិប្រមាណ៣០០លានដុល្លាអាមេរិក ត្រូវបានអនុម័តដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ បណ្តាញលូ ប្រឡាយបង្ហូរទឹកនិងបរិស្ថាន។

លោកបន្តថា “ស្របជាមួយគ្នានេះផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែកពីរាជធានីភ្នំពេញចូលមកកាន់ក្រុងព្រះសីហនុ ការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ កំព​ង់ផែទឹកជ្រៅ បណ្តាញទឹកស្អាត អគ្គីសនី ប្រពន្ធ័ចម្រោះទឹកកខ្វក់ ការកែលម្អតំបន់ឆ្នេរខ្សាច់ តំបន់រម្យណីដ្ឋាននានាក្នុងខេត្ត…។ល។ បាននឹងកំពុងធ្វើការស្តារឡើងវិញជាអាទិភាពនិងធ្វើឡើងព្រមគ្នាដែរ”។

លោកសាយ សំអាល់បានបន្តថា ខេត្តព្រះសីហនុ នឹងក្លាយជាខេត្តទំនើប ស៊ីវិស័យ និងជាគោលដៅវិនិយោគពហុវិស័យដ៏ទាក់ទាញបំផុត។ ប្រជាជនទូទៅជាពិសេសអ្នកខេត្តព្រះសីហនុ ផ្ទាល់មានឱកាសទទួលបានផ្លែផ្កានៃការអភិវឌ្ឍនេះច្រើន ដើម្បីធ្វើអោយមានជីវភាពល្អប្រសើរឡើង។

លោកសាយ អាល់បានស្នើអោយមន្ទីរអង្គភាពពាក់ពន្ធ័ទាំងអស់ ពង្រឹងការផ្សព្វ​ផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តឲ្យបានខ្លាំងក្លា ដោយជម្រុញអោយបង្កើតព្រឹត្តិការណ៍សង្រ្កានសមុទ្រ រៀបចំកម្មវិធីកំសាន្តសប្បាយផ្សេងៗ ដើម្បីអោយប្រជាជនបានចូលរួមសប្បាយ និងជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងខេត្តព្រះសីហនុអោយបានច្រើនផង។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ឱ្យដឹងដែរថា ដោយមានការចូលរួមមន្ត្រីរាជការគ្របជាន់ថ្នាក់ ខេត្តព្រះសីហនុ ធានាបាននិរន្តរភាព នៃការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យបានយូរអង្វែង ក្នុងគោលដៅប្រែក្លាយខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍមួយយ៉ាងសំខាន់ទៅជាទីក្រុងឆ្លាតវៃ និងជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចដកថវិកាសន្សំរបស់ជាតិ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង៣៤ខ្សែ ប្រវែង៨៤,៥០៥ម៉ែត្រ និងការស្តារអូរប្រឡាយទាំង៥ខ្សែ ព្រមទាំងស្ថាបនាផ្លូវបន្ថែម ចំនួន១១ខ្សែ មានប្រវែង១៦,៣៧៤ម៉ែត្រ។

លោកបន្តថា  “រដ្ឋបាលខេត្តនឹងបន្តរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រប់ប្រភេទនៅទូទាំងខេត្ត ពិសេសការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក”។

ខេត្តព្រះសីហនុ គឺជាខេត្តមានទីតាំងជាប់មាត់សមុទ្រ នៅភាគនិរតីនៃប្រទេសកម្ពុជា ពោរពេញដោយសក្តានុពលសម្រាប់ការអភិវឌ្ឍពហុវិស័យ។ ដោយសារកត្តាសក្តានុពលដ៏ខ្លាំងសំបើម ខេត្តនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ នឹងជាខេត្តនៃកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here