ដោយ ហ្សូលី
វៀតណាមៈ ក្រុមហ៊ុនអេឡិចត្រូនិចSamSung កំពុងសាងសង់អគារស្រាវជ្រាវនិងអភិវឌ្ឍន៍ ដោយបោះទុនវិនិយោគប្រមាណ២២០លានដុល្លារអាមេរិក នៅប្រទេសវៀតណាម។
ការដ្ឋានសាងសង់នេះ នឹងស្ថិតនៅចំកណ្តាលទីក្រុងហាណូយ ប្រទេសវៀតណាម និងបញ្ចប់ការសាងសង់ឱ្យបាននៅឆ្នាំ២០២២។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន SamSung និងបានបន្ថែមព័ត៌មានថា ខ្លួននឹងរើសបុគ្គលិកប្រមាណជា២០០០ទៅ ៣០០០នាក់ទៀត។
ក្រុមហ៊ុន SamSung គឺជាក្រុមហ៊ុនដ៏ធំមួយ ដែលចាយទុនវិនិយោគច្រើននៅក្នុងប្រទេសវៀតណាម ដែលមានទំហំទឹកប្រាក់ដល់ទៅ១៧ពាន់លានដុល្លារ។
មជ្ឈមណ្ឌលស្រាវជ្រាវមួយនេះ នឹងក្លាយទៅជាអគារស្រាវជ្រាវធំជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍។ វានឹងជម្រុញ ពីសមត្ថភាពនៃការសិក្សាស្រាវជ្រាវបន្ថែម របស់ក្រុមហ៊ុននេះដូចជា មនុស្សយន្តសិប្បនិម្មិត បណ្តាញអ៊ីនធឺណែត ទិន្នន័យធំៗ និងប្រព័ន្ធ 5G។
ប្រទេសវៀតណាម គឺជាប្រទេសដែលបណ្តុំទៅដោយរោងចក្រផលិត និងតម្លើងគ្រឿងអេឡិចត្រូនិច ហើយប្រទេសនេះបាននាំចេញនូវទូរសព្ទឆ្លាតវៃ ព្រមទាំងគ្រឿងបន្លាស់ជាច្រើនប្រភេទ។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយបានឱ្យដឹងថា កាលពីឆ្នាំ២០១៩ប្រទេសវៀតណាម បាននាំចេញគ្រឿងអេឡិចត្រូនិក ក្នុងទឹកប្រាក់រហូតដល់៥០ពាន់លានដុល្លារ៕
(Channel News Asia)






