ដោយ ៖ រ៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសអូស្ត្រាលីQuantas បានបង្ហាញពីគោលបំណងរបស់ខ្លួន ក្នុងការនាំយកទេសចរប្រមាណជាង២០០នាក់ ហោះហើរមកកាន់កម្ពុជា ដែលជាដំណើរកម្សាន្តនៅតាមបណ្តាតំបន់រមណីយដ្ឋាននានា ទូទាំងប្រទេស ជាពិសេសខេត្តសៀមរាប។
ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំប្រទេសកម្ពុជា លោក Plabo Kang បានបង្ហាញពីគោលបំណង នៃការនាំយកបណ្តាភ្ញៀវទេសចរណ៍ មកកាន់ទឹកដីកម្ពុជានៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ព្រឹកមិញនេះ ។
លោកPlabo Kang បានកោតសរសើរប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ចំពោះទំនាក់ទំនងការទូតរយ:ពេល៧០ឆ្នាំកន្លងទៅ រវាងប្រទេសទាំង២ មានភាពល្អប្រសើរ និងជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរណ៍អូស្ត្រាលីប្រមាណ១៥ម៉ឺននាក់មកទស្សនាប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា “វិស័យអាកាសចរប្រទេសកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សំគាល់ បើទោះបីជាធ្លាក់ចុះតិចតួចដោយសារតែវិបត្តិ មេរោគ COVID 19 នៅពេលបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែវាជាព្រឹត្តិការណ៍នៃការធ្លាក់ចុះជាសកល ហើយសង្ឃឹមថានឹងមានការរីកចម្រើនខ្លាំងបន្ទាប់ពីវិបត្តិមេរោគ COVID 19 ត្រូវបញ្ចប់”។
លោកបានបន្តទៀតថា ប្រសិនបើមានការគាំទ្រពីសំណាក់រដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Quantas នឹងធ្វើការហោះហើរត្រង់Charter Flight ពីប្រទេសអូស្ត្រាលី មកកាន់កម្ពុជា ដែលមានទេសចរកម្រិតអភិជនសរុបជាង២០០នាក់ មកទស្សនាប្រទេសកម្ពុជាមុនគេ ជាពិសេសមកទស្សនាខេត្តសៀមរាប មុននឹងបន្តទៅទិសដៅប្រទេសផ្សេងៗទៀត ហើយសង្ឃឹមថានឹងបានចូលរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា មានការកើនឡើងនាពេលឆាប់ខាងមុខ”។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយកករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគាំទ្រ និងស្វាគមន៏ចំពោះការហោះហើរត្រង់ Charter Flight ពីប្រទេសអូស្ត្រាលី ដែលរៀបចំដោយក្រុមហ៊ុនទេសចរណ៍មកទស្សនានៅប្រទេសកម្ពុជានាពេលឆាប់ខាងមុខ។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណ លោក Plabo Kang ចំពោះជំនួបប្រកបដោយផ្លែផ្កា និងបានស្នើសុំឱ្យភាគីអូស្ត្រាលី ជួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលើជំនួយបច្ចេកទេសផ្នែកសុវត្ថិភាព សន្តិសុខ និងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរស៊ីវិល៕