សម្តេចតេជោហ៊ុន សែន ប្រាប់ពីផែនការសង្គ្រោះសេដ្ឋកិច្ចកម្ពុជាអំឡុងការ វាយលុកនៃវីរុសកូរ៉ូណា

ចែករំលែក

ដោយ ហ្សូលី

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហើបពីផែនការ     សង្គ្រោះសេដ្ឋកិច្ចកម្ពុជា អំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដោយសារការវាយឡុកនៃវីរុសកូរ៉ូណាឬហៅថាកូវីដ១៩។

សម្តេចមានប្រសាសន៍ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុប ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះថា យើងបានដាក់ចេញនូវគោលនយោបាយមួយចំនួនគាំទ្រ ទៅលើវិស័យដែលមានផលប៉ះពាល់ដូចជា វិស័យទេសចរណ៍ និងវិស័យកាត់ដេរ ហើយក៏បានជម្រុញ ឱ្យគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំនូវផែនការ ដើម្បីឆ្លើយតបជាមួយបញ្ហាសេដ្ឋកិច្ច នៅក្នុងបដិវត្តដែលកូវីដ១៩កំពុងរីករាលដាល។

សម្តេចបន្តថា “ស្ថាប័នទាំងអស់ ត្រូវកាត់បន្ថយការចំណាយរហូតទៅ៥០% លើកលែងតែក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងទីស្តីការគណៈរដ្ឋមន្ត្រីទេ ដែលនឹងត្រូវកាត់បន្ថយការចំណាយត្រឹម២៥ភាគរយ”។ សម្តេចបានសង្កត់ធ្ងន់ថា “មានតែចំណា​យលើបៀរវត្ស តែប៉ុណ្ណោះដែលគ្មានការកាត់បន្ថយ ទាក់ទងនឹងចំណាយចរន្តដែលមួយខែត្រូវចាយជាង៤០០លានដុល្លារ”។

ទន្ទឹមនេះ ចំពោះគម្រោងវិនិយោគផ្ទាល់របស់កម្ពុជា ការដ្ឋានណាដែលមិនទាន់បា​ន​បើកការដ្ឋានទេ ត្រូវផ្អាកការបើកការដ្ឋានសិន លើកលែងតែការដ្ឋានដែលមានហិរញ្ញប្បទានពីបរទេសដោយមានថវិការបដិភាគរបស់កម្ពុជា។

 

ជាមួយគ្នា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “រង់ចាំឆ្នាំក្រោយក៏មិនហូសពេលដែរ រង់ចាំកូវីដហ្នឹងទៅឱ្យផុតសិន ដើម្បីយើងដឹងច្បាស់ថាទុកយើងមានប៉ុន្មានពិតប្រាកដ”៕


ចែករំលែក