ដោយ: រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលបានចំណាយទឹកប្រាក់៦៦លានដុល្លារនៅក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច ដែលស្ថិតនៅតំបន់បឹងទន្លេសាបក្នុងនោះ ថវិកាចំនួន៥០លានដុល្លារបានមកពីដៃគូអភិវឌ្ឍន៍ ADB ថវិកាចំនួន១០លានដុល្លារបានមកពី IFAD ហើយថវិកាចំនួន៦លានដុល្លារជាបដិភាគរបស់រដ្ឋាភិបាល។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន អនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅក្នុងទីស្ដីការក្រសួងថា ក្រោមការជួយរបស់រាជរដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) និងរដ្ឋាភិបាលហ្វាំងឡង់ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប (ជំហាន២) នឹងត្រូវប្រើប្រាស់ថវិកាសរុប៦៦លានដុល្លារ។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការដឹកនាំគម្រោង និងអង្គភាពសម្របសម្រួលគម្រោង ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម និងជនបទ ធ្វើយ៉ាងណាលើកកម្ពស់ពិពិធកម្មខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្ម ប្រកបដោយគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង ឆ្លើយតបតាមតម្រូវការទីផ្សារ ដើម្បីរួមគ្នាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងជាពិសេសវិស័យកសិកម្មឲ្យមានការរីកចម្រើន ដោយប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) និងរដ្ឋាភិបាលហ្វាំងឡង់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា អាចធ្លាក់ចុះមកនៅក្នុងរង្វង់៦ភាគរយនៅក្នុងឆ្នាំ២០២០ ដោយសារផលប៉ះពាល់ដោយប្រយោល ពីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA រួមទាំងការប្រែប្រួលធាតុអាកាស។
ស្ថិតក្នុងស្ថានភាពចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់វិធានការជាច្រើនដើម្បីរក្សាសុខភាពសេដ្ឋកិច្ចជាតិ តាមរយ:ទ្រទ្រង់ និងលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម វិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មផងដែរ ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម មាន លទ្ធភាពពង្រីក និងធ្វើឱ្យប្រសើរឡើង នូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែមតាមរយៈការផ្តល់ទឹកប្រាក់រហូតដល់៥០លានដុល្លារ ដល់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីផ្តល់កម្ចីមានការប្រាក់ទាប។
គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប (ជំហាន២) ប្រើប្រាស់ថវិកាសរុប ៦៦លានដុល្លារ ដែលក្នុងនោះជំនួយពី ADBមានចំនួន៥០លានដុល្លារ ជំនួយពី IFAD ១០ លានដុល្លារ និងថវិការាជរដ្ឋាភិបាលកម្ពុជាចំនួន៦លានដុល្លារ ដោយការអនុវត្តគម្រោងនេះមានរយៈពេល៥ឆ្នាំ ២០១៨ -២០២៣ ដែលមានខេត្តគោលដៅចំនួន៧ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង ដែលមានក្រុង-ស្រុក ៣៨ និងឃុំសរុបចំនួន២៧០៕






