ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសពីការផ្អាកគម្រោងរបស់រដ្ឋទាំងអស់ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានិងសាងសង់នៅក្នុងឆ្នាំនេះជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងការទប់ទល់ការរីករាលដាលជំងឺផ្លូវដង្ហើមប្រភេទថ្មីកូវីដ ១៩ ឬ កូរ៉ូណាវីរុស លើកលែងតែការដ្ឋាន ដែលហិរញ្ញប្បទានដោយបរទេស ដែលមានថវិកាបដិភាគរបស់កម្ពុជា ។
សម្តេចតជោ ហ៊ុន សែន នៅក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ឱ្យដឹងថា ការផ្អាកជាបណ្តោះអាសន្ននេះគឺនឹងត្រូវធ្វើរហូតដល់ទៅដល់ការបញ្ចប់ នៃជំងឺកូវីដ១៩ តែ ចំពោះពិធីបើកការដ្ឋានសាងសង់ផ្លូវ ជាតិលេខ១០ និងសម្ពោធឱ្យដំណើការផ្លូវជាតិលេខ ៥៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ មិនត្រូវបានផ្អាក ឬពន្យាពេលនោះទេ ពោលត្រូវធ្វើឡើងតាមពេលកំណត់។
សម្តេចតេជោបន្តថា “ចំពោះគម្រោងវិនិយោគផ្ទាល់របស់យើង គឺការដ្ឋានណាដែលមិនទាន់ត្រូវបានបើកការដ្ឋានទេ ផ្អាកការបើកការដ្ឋានសិន លើកលែងតែការដ្ឋាន ដែលហិរញ្ញប្បទានដោយបរទេស ដែលមានថវិកាបដិភាគរបស់កម្ពុជា”។
សម្តេចតេជោបន្តថា “សូម្បីថ្ងៃទី០៩នេះ ខ្ញុំក៏ត្រូវទៅ បើកការដ្ឋានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែហើយ ផ្លូវលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ពីបាត់ដំបង ទៅខេត្តកោះកុង ត្រូវបន្ដធ្វើ។ ប៉ុន្ដែកម្មវិធីមួយចំនួនដែលមិនទាន់បើកការដ្ឋានទេ ផ្អាកសិន រង់ចាំឆ្នាំក្រោយក៏មិនទាន់យឺតពេលដែរ ធ្វើមិចឲ្យអាកូវីដនេះទៅឲ្យផុតសិន ដើម្បី យើងដឹងច្បាស់ថា ទុនយើងវាមានប៉ុន្មានពិតប្រាកដ”។
បើតាមសម្តេចតេជោ ហ៊ុន សែន កិច្ចការរបស់កម្ពុជា នៅពេលកន្លងទៅចាប់ផ្ដើមតាំងពីពេលផ្ទុះវីរុសកូរ៉ូណា ឬ Covid-19 រហូតមកដល់ពេលនេះ នឹងរហូតដល់ទៅដល់ការបញ្ចប់ នៃជំងឺកូវីដ១៩នេះ ការងារអាទិភាពខ្ពស់បំផុត គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃវីរុសកូវីដ១៩ ដែលត្រូវរួមគ្នាធ្វើ។
រហូតដល់ពេលមាននេះ ជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 បានរាលដាលប្រមាណ ៨០ប្រទេស និងបានឆ្លងទៅមនុស្សចំនួន ៩៥,៤៨១ នាក់ និង ជាសះស្បើយ ៣៨ ៥០៨ នាក់ ៕






