រដ្ឋាភិបាលគ្រោងចំណាយប្រាក់៣០លានដុល្លារសម្រាប់វិធានការការពារវីរុស Covid-19 និងមេរោគឆ្លងនានា

0

ដោយៈរ៉ាណេត

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានត្រៀមកញ្ចប់ថវិកាចំនួន៣០លានដុល្លារ សម្រាប់វិធានការការពារមេរោគឆ្លងនានា ជាពិសេសវីរុសCovid-19 ដែលកំពុងរាតត្បាតនៅលើសាកលលោកក្នុងរយៈពេល៦ខែ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបន្តពិនិត្យដោះស្រាយ បញ្ហារបស់វិស័យឯកជនបានបញ្ជាក់ថា ការរីករាលដាលនៃវីរុស Covid-19  នៅក្នុងពិភពលោក និងក្នុងតំបន់បានជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា។

ដោយឡែក ផ្នែកឯកជនបានស្នើសុំការផ្តល់ព័ត៌មាន វិធានការរបស់រដ្ឋាភិបាលលើបញ្ហានេះ ដូចជាការរៀបចំជាច្បាប់បទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់ប្រយុទ្ធប្រ​ឆាំងនឹងវីរុស Covid-19 ប្រសិនបើវីរុសរីករាលដាលនៅប្រទេសកម្ពុជា និងផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។

ឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងសុខាភិបាលបានចាត់វិធានការណ៍ លើកពីការការ​ពារការរីករាលដាលនៃវីរុស Covid-19 ព្រមទាំងគិតគូររកវិធានការជាប្រព័ន្ធ ដើម្បីទប់ស្កាត់បញ្ហានេះពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ តាមរយៈការរៀបចំផែនការយុទ្ធសាស្ត្រ វិធានការឆ្លើយតបបន្ទាន់ រៀបចំគោលការណ៍ណែនាំ ចុះធ្វើការផ្សព្វផ្សាយនៅហ្នឹងកន្លែង និងវិធានការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយ និងបង្ការបញ្ហាដែលអាចកើតមានជាយថាហេតុឱ្យ បានទាន់ពេលវេលាក្នុងស្មារតីបុរេសកម្ម ក៏ដូចជាពង្រឹង និងបង្កើនធនធា​នបន្ថែម ទាំងផ្នែកគ្រូពេទ្យ សម្ភារៈពេទ្យ រៀបចំឧបករណ៍ស្គេនកម្តៅ ប្រព័ន្ធគ្រប់គ្រង និងភ្នាក់ងារចាំទទួលព័ត៌មាន ពាក់ព័ន្ធវីរុសតាមរយៈលេខទំនាក់ទំនង បន្ទាន់លេខ ១១៥ ព្រមទាំងពង្រឹងកិច្ចសហការជាមួយ អង្គការសុខភាពពិភពលោក (WHO) ជាដើម។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងសហការជាមួយក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំក្របខណ្ឌ រួមជាវិធានការ និងយន្តការជាកញ្ចប់ពាក់ព័ន្ធ នឹងការការពារវីរុសCovid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែ ដោយគ្រោងចំណាយថវិកាជាង៣០លានដុល្លារអាមរិក តាមរយៈការរៀបចំបង្កើតប្រព័ន្ធការពារ និងឧបករណ៍តាមដាន, រៀបចំទីកន្លែងដើម្បីទទួលដោះស្រាយ ក៏ដូចជាស្វែងរកអ្នកដែ​លមានលទ្ធភាពឆ្លងកុំឱ្យមានការរីករាលដាល សំដៅបង្ការ ការពារ និងព្យាបាលក្នុងករណីមានការឆ្លងវីរុស៕

LEAVE A REPLY

Please enter your comment!
Please enter your name here