ក្រសួងសុខាភិបាលបញ្ជាក់កម្ពុជាមិនទាន់មានអ្នកឆ្លងវីរុសកូវីដ១៩ ខណៈជើងហោះហើរមកកម្ពុជាបានកាត់បន្ថយ

0

ដោយវុត្ថា

ភ្នំពេញៈ ក្រសួងសុខាភិបាលបានបញ្ជាក់សារជាថ្មីថា រហូតមកដល់ពេលនេះកម្ពុជា មិនទាន់មានអ្នកដែលឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មី វីរុសកូវីដ១៩ ឬកូរូណាវីរុស  ខណៈដែលជើងហោះហើរបស់ក្រុមហ៊ុនមួយចំនួន បានកាត់បន្ថយជើងហោះហើរមកម្ពុជា។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីននៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីកូវីដ១៩ នៅរសៀលថ្ងៃទី៥ ខែមីនានេះ បានអះអាងថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានធ្វើតេស្ដលើមនុស្សចំនួន១៤៥នាក់ ដែលសុំមកធ្វើតេស្តរក Covid-19 តែលទ្ធផលបានបង្ហាញច្បាស់ថា១៤៤នាក់គ្មានវីរុសនេះឡើយ លើកលែងតែជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ដែលផ្ទុកវីរុសកូវីដ ហើយត្រូវបានព្យាបាលជាសះស្បើយ និងបានត្រឡប់ទៅប្រទេសដើមវិញ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន ចំពោះករណីដួលសន្លប់ ហើយអ្នកជំងឺខ្លះរហូតដល់ស្លាប់ ដែលត្រូវចែកចាយក្នុងបណ្ដាញសង្គមថា មានផ្ទុកវីរុសកូវីដ១៩នេះ គឺជាព័ត៌មានក្លែងក្លាយដែលគេប្រឌិតឡើង ក្នុងចេតនាអាក្រក់តែប៉ុណ្ណោះ។

ជាមួយគ្នានេះ ប្រធានផ្នែកពេទ្យសួតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី ក៏បានអះអាងដូចគ្នាដែរថា ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី៥ ខែខែមីនា មានអ្នកធ្វើតេស្តសុខភាពរកជំងឺកូវីដ១៤៥នាក់ទូទាំងប្រទេស។ ក្នុងនោះពេទ្យរុស្ស៊ីមាន៧៨ករណី ទាំងជនជាតិបរទេ​ស និងខ្មែរ។ ជនបរទេសមានចិន កាហ្សាស្ថាន ជប៉ុន កូរ៉ និងអូស្ត្រាលីជាដើម។

លោកបានបញ្ជាក់ទៀតថា “ក្នុងចំណោមនោះមាននិស្សិតខ្មែរ មកពីចិន៤២នាក់ បានចូលពិនិត្យផងដែរ ហើយជាលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់”។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា បើទោះបី ប្រទេសកម្ពុជា មិនទាន់មានអ្នកឆ្លងជំងឺផ្លូវដង្ហើមវីរុសកូវីដ១៩យ៉ាងណាក្តី ប៉ុន្តែចំនួនជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនតូច ដែលមានការតភ្ជាប់ហោះហើរមកកាន់ប្រទេសកម្ពុជាបានបន្ថយកាត់បន្ថយ។

លោកថា “វាជារឿងធម្មតាដែលប្រទេសនានានៅក្នុងតំបន់ បានកាន់បន្ថយជើងហោះហើរដូចកម្ពុជាដែរ ដោយក្រុមហ៊ុនអាកាសចរណ៍ ដែលមានការហោះហើរមកកម្ពុជាមានក្រុមហ៊ុន Korea Air, Bangkork Airway Silk Air  និង Air Asia ជាដើម បានកាត់បន្ថយជើងហោះហើររបស់ខ្លួនមកកាន់កម្ពុជាដោយជំងឺវីរុសកូវីដ ១៩ ហើយនេះ ជាវិធានការបណ្តោះអាសន្នតែប៉ុណ្ណោះ”។

ក្រុមហ៊ុនអាកាសចរណ៍Silk Air របស់ប្រទេសសិង្ហបុរី បានចេញសេចក្តីប្រកាសព័ត៌មានកាលពីពេលថ្មីនេះ បានកាត់បន្ថយជើងហោះហើរមួយចំនួនមកកាន់កម្ពុជា នៅក្នុងខែមីនា ខែមេសា និងខែឧសភា ឆ្នាំ ២០២០នេះ បន្ទាប់ពីស្ថានភាពវិរុសកូវីដ ១៩ បានបង្កផលប៉ះពាល់ដល់តម្រូវការជើងហោះហើររបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here