ដោយ ប៊ី
ភ្នំពេញ៖ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាល្លឺម៉ង់ Deutsche Investitions- und Entwicklungsgesellschaft (DEG) បានផ្តល់ប្រាក់កម្ចីចំនួន ១៨ លានដុល្លារ ដល់ ហត្ថាកសិករលីមីតធីតដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានទទួលប្រាក់បញ្ញើ។ នេះបើយោងតាមការបង្ហាញ DEG។
យោងតាម DEG ប្រាក់កម្ចីនេះនឹងជួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករផ្តល់មូលនិធិដល់ក្រុមហ៊ុន MSMEs នៅក្នុងប្រទេសកម្ពុជាដែលវិស័យហិរញ្ញវត្ថុនៅមិនទាន់មានការអភិវឌ្ឍនៅឡើយ ជាពិសេសនៅតំបន់ជនបទ ការទទួលបានហិរញ្ញវត្ថុគឺមិនគ្រប់គ្រាន់ទេ។ DEG មានតួនាទីជាអ្នកផ្តល់ប្រាក់កម្ចីរយៈពេលវែង។
យោងតាមព័ត៌មានដែលមាននៅលើគេហទំព័ររបស់ខ្លួនបានឱ្យដឹងថា ប្រតិបត្តិការនេះរួមចំណែកដល់យុទ្ធសាស្រ្តរបស់យើងក្នុងការគាំទ្រដល់ក្រុមហ៊ុន MSME។
ការវិនិយោគនេះគឺជាការលាយបញ្ចូលគ្នារវាងភាគហ៊ុនឯកជន ការវិនិយោគរួមគ្នា និងការផ្តល់ហិរញ្ញប្បទានបំណុល។ កាលពីខែកក្កដាឆ្នាំមុន DEG បានផ្តល់ប្រាក់កម្ចីរយៈពេលវែង ២០ លានដុល្លារអាមេរិកដល់ធនាគារអេស៊ីលីដាដែលជាអង្គការក្រៅរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍ និងផ្តល់ឥណទានសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជា។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ជាបុត្រសម្ព័ន្ធរបស់ធនាគារអយុធ្យា (ក្រុងស្រី) ដែលជាធនាគារពាណិជ្ជកម្មធំជាងគេទី ៥ នៅប្រទេសថៃ និងជាសមាជិកនៃធនាគារ MUFG ដែលជាក្រុមធនាគារធំជាងគេនៅប្រទេសជប៉ុន។ នៅឆ្នាំ ២០០១ ហត្ថាកសិករទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការជាក្រុមហ៊ុនមានកំណត់ក្នុងការផ្តល់សេវាឥណទាន និងសន្សំ ហើយបានប្រែក្លាយជាគ្រឹះស្ថានទទួលប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំ ២០១០។
បច្ចុប្បន្ន ក្រុមហ៊ុនមានមូលដ្ឋាននៅភ្នំពេញកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុចម្រុះដល់អាជីវកម្មខ្នាតតូច និងអតិថិជនខ្នាតតូច ដូចជាប្រាក់កម្ចីអាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូច និងមធ្យម ឥណទានគេហដ្ឋាន ប្រាក់កម្ចីកែលម្អគេហដ្ឋាន សន្សំ និងដាក់ប្រាក់ផ្ទេរប្រាក់ និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត។
នៅឆ្នាំ ២០១៨ ហត្ថាកសិករក៏ទទួលបានទឹកប្រាក់ ២០ លានដុល្លារជារូបិយប័ណ្ណក្នុងស្រុកក្នុងមូលបត្របំណុលពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាផ្នែកមួយនៃក្រុមធនាគារពិភពលោក។ គម្រោងនេះព្យាយាមកសាងសមត្ថភាពរបស់ហត្ថាកសិករដើម្បីបង្កើនហិរញ្ញប្បទានរូបិយប័ណ្ណក្នុងស្រុក។ Deal Street Asia/DEG






