ដោយវុត្ថា
ភ្នំពេញៈ តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុននាវាបង្កើតសមាគមភ្នាក់ងារតំណាងក្រុមហ៊ុននាវា ដើម្បីផ្តល់សេវាកាន់តែមានភាពងាយស្រួល និងប្រសិទ្ធិភាពខ្ពស់។

នេះបើតាមកិច្ចប្រជុំពិភាក្សាជាមួយភ្នាក់ងារតំណាងក្រុមហ៊ុននាវាស្តីពី ការផ្តល់សេវាដល់ក្រុមហ៊ុននាវា នៅរវាងលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីចុងសប្តាហ៍កន្លងមកនេះ ។កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងភ្នាក់ងារតំណាងក្រុមហ៊ុននាវា។
លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឱ្យភ្នាក់ងារតំណាងក្រុមហ៊ុននាវា ចងក្រងគ្នាបង្កើតជាសមាគមឡើង ដើម្បីងាយស្រួលក្នុងការបង្កើត និងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារតំណាងក្រុមហ៊ុននាវាជាមួយនិងរាជរដ្ឋាភិបាល ជាប្រភពលំហរព័ត៌មានពីរាជរដ្ឋាភិបាល ទៅកាន់ភ្នាក់ងារតំណាងក្រុមហ៊ុននាវា និងការផ្តល់ព័ត៌មានត្រឡប់ និងទទួលបាននូវផលប្រយោជន៍សម្រាប់គ្រប់ក្រុមហ៊ុនជាសមាជិកផ្ទាល់។
ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពីការយកកម្រៃសេវា ចំពោះក្រុមហ៊ុននាវាប្រកបដោយភាពមិនច្បាស់លាស់ និងប្រែប្រួលខ្លាំង រវាងភ្នាក់ងារតំណាងក្រុមហ៊ុននាវានីមួយៗ ដែលបណ្តាឱ្យតម្លៃនៃការដឹកជញ្ជូន នៅតែមានកម្រិតខ្ពស់ ជាហេតុធ្វើឱ្យក្រសួងបានផ្តួចផ្តើមឱ្យក្រុមហ៊ុន ពិចារណាលើការកំណត់តារាងតម្លៃសេវាស្តង់ដា ទៅដល់ក្រុមហ៊ុននាវា៕






