ដោយវុត្ថា
ប៉េកាំងៈ រដ្ឋាភិបាលចិនបានសម្រេចថា នឹងបរិច្ចាគប្រាក់២០លានដុល្លារអាមេរិកជូនដល់អង្គការសុខភាពពិភពលោក ដើម្បីគាំទ្រអង្គការសុខភាពពិភពលោកធ្វើកិច្ចសហប្រតិបតិ្តការអន្តរជាតិ លើវិស័យប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី ឫកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានចិនកាលពីពេលថ្មីៗនេះ។

បន្ទាប់ពីកើតមានសភាពការណ៍ឆ្លងនៃជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី ក្រោមការដឹកនាំរបស់លោកTedros អគ្គនាយកអង្គការសុខភាពពិភពលោក អង្គការមួយនេះបានដើរតួនាទីសំខាន់ ក្នុងការជំរុញឱ្យបណ្តាប្រទេសនានា បង្កើនមនសិការបង្ការនិងប្រកាន់ខ្ជាប់ការទប់ទល់ ដោយវិទ្យាសាស្ត្រនិងវិចារណញ្ញាណ ក៏ដូចជាបានជួយប្រទេសពាក់ព័ន្ធលើកកម្ពស់សមត្ថភាព នៃប្រព័ន្ធសុខាភិបាលផងដែរ ដែលទទួលបានការទទួលស្គាល់ជាទូទៅពីសហគមន៍អន្តរជាតិ ។
ប្រទេសចិនក៏កោតសរសើរខ្ពស់ ចំពោះអង្គការសុខភាពពិភពលោក ដែលបានផ្តល់ការគាំទ្រ និងការយោគយល់ទៅលើការងារបង្ការ និងគ្រប់គ្រងរបស់ប្រទេសចិនផងដែរ ។
បច្ចុប្បន្ននេះ ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី បានផ្ទុះឡើង និងរីករាលដាលនៅតំបន់ជាច្រើននៅលើពិភពលោក ដូច្នេះការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការរួមគ្នាបង្ការ និងគ្រប់គ្រងជំងឺឆ្លង គឺកាន់តែមានភាពបន្ទាន់ថែមមួយកម្រិតទៀត។
ប្រទេសចិនបរិច្ចាគប្រាក់ ឆ្លើយតបនឹងសេចកី្តអំពាវនាវ របស់អង្គការសុខភាពិភពលោក ព្រមនិងផ្តល់ការគាំទ្រ ដល់អង្គការសុខភាពពិភពលោក តាមរយៈប្រតិបតិ្តរបស់ខ្លួន ក្នុងន័យឱ្យអង្គការមួយនេះ បន្តពង្រីកឧត្តមភាពឯកទេសរបស់ខ្លួន និងដើរតួនាទីសម្របសម្រួលឱ្យបានកាន់តែល្អ ក្នុងប្រតិបតិ្តការអន្តរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាពិសេសជួយប្រទេសមធ្យម និងតូច ដែលមានប្រព័ន្ធសុខាភិបាលសាធារណៈដ៏ទន់ខ្សោយបង្កើនការងារទប់ស្កាត់ជំងឺឆ្លងផងដែរ។
ករណីឆ្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី លើពិភពលោកទាំងមូលមានចំនួនលើសពី១សែនករណី អង្គការសុខភាពពិភពលោកអំពាវនាវ បណ្តាប្រទេសនានាឱ្យចាត់វិធានការទប់ស្កាត់ដ៏ខ្លាំងក្លា។
កាលពីថ្ងៃទី៧ខែមីនា អង្គការសុខភាពពិភពលោក បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា បច្ចុប្បន្ន អ្នកឆ្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី លើពិភពលោកទាំងមូលមានចំនួនលើសពី១សែនករណីហើយ ប្រទេសទាំងអស់គួរចាត់វិធានការទប់ស្កាត់ដ៏ខ្លាំងក្លា ដើម្បីកាត់បន្ថយនិងកែប្រែនិន្នាការរីករាលដាលនៃជំងឺឆ្លង។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា បទពិសោធន៍របស់ចិន និងប្រទេសដទៃទៀតសុទ្ធតែបានបញ្ជាក់ថា ឆ្លងតាមរយៈការចាត់វិធានការ វិសាលភាពជាទូទៅមួយចំនួន គឺអាចបន្ធូរបន្ថយយ៉ាងពិតប្រាកដ នូវការរីករាលដាលនៃវីរុស ព្រមទាំងកាត់បន្ថយការជះឥទ្ធិពលរបស់ជំងឺឆ្លង។
ក្នុងសេចក្តីថ្លែងការណ៍ អង្គការសុខភាពពិភពលោកបានបង្ហាញថា នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ តាមបណ្តាញអ៊ីនធើណេតជាមួយ ប្រទេសដៃគូសហប្រតិបត្តិការ និងអ្នកជំនាញទាំងអស់ ធ្វើកិច្ចសម្របសម្រួលចំពោះប្រតិកម្មអន្តរជាតិ គ្រោងគោលណែនាំ ចែកចាយសម្ភារៈ ចែករំលែកចំណេះវិជ្ជានិងព័ត៌មាន ក៏ដូចជាផ្តល់ព័ត៌មានការពារដល់មនុស្សទាំងឡាយផងដែរ៕






