ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាទូទៅមនុស្សជាច្រើនបានផ្ដោតសំខាន់ ទៅលើព្រឹត្តិការណ៍សង្គមដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ដែលក្នុងនោះភាគច្រើនតោងភ្ជាប់ ទៅនឹងបញ្ហានៃការាតត្បាតនៃមេរោគCovid-19 ខណៈដែលអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋានហាក់មិនមានភាពព្រួយបារម្ភនោះទេ។
នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ បុរី វឌ្ឍនៈ ដែលមានទីតាំងស្ថិតនៅតំបន់ផ្លូវជាតិលេខ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកកន សុខគា បានមានប្រសាសន៍កាលពីចុងសប្ដាហ៍កន្លងនេះថា នៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានបែងចែកជាច្រើនផ្នែក ដែលក្នុងនោះគម្រោងអភិវឌ្ឍន៍វិស័យសំណង់ និងលំនៅដ្ឋានបានឈានមុខគេ។
លោកបន្តទៀតថា “ជាទូទៅមុនពេលបណ្តាក់ទុនវិនិយោគ នៅក្នុងគម្រោងណាមួយ គេតែងតែគិត និងសិក្សាទៅលើតម្រូវការជាក់ស្ដែង ពេលអនាគត រួមជាមួយនឹងហានិភ័យដែលអាចកើតមាន”។ លោកបន្តថា “បានន័យថា គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់មិនត្រូវបានធ្វើឡើងដោយភាពប្រថុយប្រថាននោះទេ”។
ជាក់ស្ដែងដូចជាគម្រោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋាន បែបទំនើបនៃបុរីលំនៅដ្ឋាន វឌ្ឍនៈ គឺបានសិក្សាយ៉ាងលម្អិតពីភាពប្រឈម និងបញ្ហាប៉ះពាល់រួចជាស្រេច ហើយជាលទ្ធផល គឺយើងមានទំនុកចិត្តខ្ពស់ នៅក្នុគម្រោងផ្គត់ផ្គង់លំនៅដ្ឋានតម្លៃសមរម្យ ដែលកំពុងតែមាននៅពេលបច្ចុប្បន្ននេះ។
ស្រដៀងនឹងការលើកឡើងខាងលើនេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានដ៏ល្បីឈ្មោះផងដែរនោះ បានមានប្រសាសន៍ថា ការផ្គត់ផ្គង់ក្នុងវិស័យលំនៅដ្ឋាន គឺអ្នកអភិវឌ្ឍន៍ធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងចាំបាច់របស់ទីផ្សារក្នុងស្រុក។
លោកឧកញ៉ាបន្តទៀតថា “បច្ចុប្បន្ន ខ្ញុំអភិវឌ្ឍន៍សាងសង់លំនៅដ្ឋាន គឺដើម្បីឆ្លើយតបទៅនឹងទីផ្សារជាក់ស្ដែងដែលកំពុងតែមានសព្វថ្ងៃ”។
លោកឧកញ៉ានួន រិទ្ធី បានមានប្រសាសន៍បញ្ជាក់ថា សព្វថ្ងៃនេះ ដោយសារតែមានវិបត្តិនៃបញ្ហាមេរោគជាសាកល បានធ្វើឱ្យមនុស្សភាគច្រើនយល់ឃើញ ពីទីផ្សារអចលនទ្រព្យផ្សេងគ្នា ប៉ុន្តែសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍របស់លោក គឺតម្រូវទៅតាមតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងមាន។
លោកបន្ថែមថា សម្រាប់បញ្ហាសង្គមដែលកំពុងតែជួប នៅពេលបច្ចុប្បន្ននេះ គ្រាន់តែជាព្រឹត្តិការណ៍ប៉ុណ្ណោះ។ លោកឧកញ៉ាបានបន្តថា មិនថាក្នុងឆ្នាំនេះ ឬឆ្នាំបន្ទាប់នោះទេ តម្រូវការទីផ្សារលំនៅដ្ឋានក្នុងស្រុកនៅតែបន្តមាន ហើយវាក៏នៅតែជាឱកាសសម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍន៍ដដែល៕






