ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ វេទិកានៃកិច្ចប្រជុំមហាសន្និបាតតំបន់សមុទ្រអាស៊ីបូពា៌លើកទី៧ ដែលមានសមាជិកចំនួន១១ប្រទេស (EAST ASEAN SEAS Congress) នឹងត្រូវរៀបចំនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុក្នុងនាមជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២១ ខាងមុខនេះ។

ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ លោកស្រី អែមមី គុសែល (Ms. Aimee T.Gonzales) នាយកប្រតិបត្តិអង្គការ PEMSEA ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ក្នុងគោលបំណងពិនិត្យ និងសិក្សាឈ្វេងយល់ពីការអភិវឌ្ឍថ្មីៗ និងលទ្ធភាព របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលគ្រោងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតតំបន់សមុទ្រអាស៊ីបូព៌ា (EAST ASEAN SEAS Congress) នៅចុងខែធ្នូ ឆ្នាំ២០២១ខាងមុខ ដែលជាកិច្ចប្រជុំថ្នាក់ តំបន់លើកទី៧ និងជាវេទិកាបណ្ដាញរដ្ឋបាលមូលដ្ឋាន PNLG។
នាយិកាប្រតិបត្តិអង្គការ PEMSEA លោកស្រី អែមមី គុសែល កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅក្នុងកិច្ចជំនួបពិភាក្សាការងារក្នុងការត្រៀម និងឈ្វេងយល់ពីការអភិវឌ្ឍថ្មីៗ និងលទ្ធភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលនឹងគ្រោងធ្វើនៅចុងខែធ្នូ ឆ្នាំ២០២១ បានមានប្រសាសន៍ថា អង្គការ PEMSEA បាន និងកំពុងអនុវត្តន៍គម្រោងក្នុងប្រទេសជាសមាជិកចំនួន១១ប្រទេសលើការរៀបចំមហាសន្និបាតតំបន់សមុទ្រអាស៊ីបូពា៌។
សមាជិកទាំង១១ប្រទេស ដែលនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំ រួមមានប្រទេសកម្ពុជា ចិន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ហ្វីលីពីន កូរ៉េខាងជើង សិង្ហបុរី ទីម័រ និងប្រទេសវៀតណាម ដោយមានប្រាំខេត្ត-ក្រុង បាន និង កំពុងអនុវត្តន៍កម្មវិធីគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ បែបសមាហរណកម្ម (ICM) ក្រោមការសម្របសម្រួល និងការផ្ដល់ជំនួយបច្ចេកទេសពីអង្គការ PEMSEA។
លោកស្រី អែមមី គុសែល បានបញ្ជាក់ថា “ក្រុងព្រះសីហនុ មានអំណោយផលល្អក្នុងការរៀបចំធ្វើមហាសន្និបាតអាស៊ីបូព៌ា ព្រោះខេត្តព្រះសីហនុ ក៏ជាសមាជិកអង្គការ PEMSEA និងធ្វើការងារជាច្រើនចាប់ពីឆ្នាំ២០០៦មក។ នៅឆ្នាំ២០០៨ ខេត្តព្រះសីហនុ ក៏បានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអាស៊ីបូព៌ា។ មហាសន្និបាតនេះ នឹងផ្ដល់ឱកាសឱ្យមន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីមកពីប្រទេសនានាចូលរួមប្រមាណជា ៥០០ ទៅ ៦០០នាក់ ក្នុងនោះក៏មានមន្ត្រីថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិចូលរួមផងដែរ”។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបង្ហាញពីកិច្ចស្វាគមន៍ និងគាំទ្រការរៀបចំមហាសន្និបាតអាស៊ីបូព៌ា EAST ASEAN SEAS Congress លើកទី៧ ឆ្នាំ២០២១ នៅខេត្តព្រះ សីហនុ ហើយដល់ពេលនោះក្រុង/ខេត្តព្រះសីហនុ នឹងរៀបចំឱ្យបានល្អ ដើម្បីត្រៀមលក្ខណបើកមហាសន្និបាតនេះ ព្រមទាំងបានបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជាការចែករំលែកនូវបទពិសោធន៍ ចំណេះដឹងថ្មីៗរវាងប្រទេសផ្សេងៗ ដើម្បីយកមកធ្វើការកែលម្អកាន់តែស៊ីជម្រៅក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ។

អង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រអាស៊ីបូព៌ា (Partnerships In Environmental Management of the Seas ofEsia) ហៅកាត់ថា PEMSEA ក្រោមការគាំទ្រពីអង្គការបរិស្ថានពិភពលោក (GEF) ដែលបានចាប់ផ្ដើមអនុវត្តន៍គម្រោងការការពារ និងគ្រប់គ្រងការបំពុលសមុទ្រចាប់តាំងពីឆ្នាំ១៩៩៣។ បច្ចុប្បន្ននេះ PEMSEA ត្រូវបានទទួលស្គាល់ថាជាអង្គការ អន្តរជាតិ ដើម្បីជាយន្តការសម្រាប់សម្របសម្រួលការងារក្នុងតំបន់អាស៊ីបូព៌ា។ អង្គការ PEMSEA មានការិយាល័យសម្រាប់ធ្វើការជាលេខាធិការដ្ឋានដល់ ដៃគូទាំងអស់នៅទីក្រុង ខេត្ត ដែលមានអាស័យដ្ឋានក្នុង ក្រសួងបរិស្ថាន នៃប្រទេសហ្វីលីពីន៕






