ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគ បង្កើតរោងចក្រថ្មីចំនួន២បន្ថែមទៀត មានតម្លៃទឹកប្រាក់សរុបជិត១០លានដុល្លារ ដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល និងក្នុងរាជធានីភ្នំពេញ។
តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ ទៅលើគម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងរោងចក្រផលិតស្បែកជើង។ សម្រាប់ក្រុមហ៊ុនដែលទទួលបាននូវការគាំទ្រទាំង២ខាងលើនេះ រួមមាន ទី១- ក្រុមហ៊ុន “TIMBERPACK CARTON CO., LTDស្នើសុំបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៦កន្លែង។
ទី២- ក្រុមហ៊ុន “FORTRESS INTERNATIONAL CO., LTD” ស្នើសុំបង្កើតរោងចក្រផលិតស្បែកជើង មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៩២៨កន្លែង។
ជាមួយនឹងការគាំទ្រទៅលើគម្រោងវិនិយោគខាងលើនេះ បានបង្ហាញឱ្យឃើញពីភាពមានជំនឿពីសំណាក់ធុរកិច្ចអន្តរជាតិ ដែលជឿជាក់មកលើកម្ពុជា និងអាចធានាបាននូវសុខសុវត្ថិភាពខ្ពស់នៅក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ៕







