សម្តេចតេជោជំរុញឱ្យមន្ត្រីពាក់ព័ន្ធជួយសម្រួលឱ្យបានលឿនចំពោះការដឹកវត្ថុធាតុដើមពីចិនសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធជួយសម្រួលការដឹកជញ្ជូនវត្ថុធាតុដើមពីប្រទេស ចិនដើម្បីយកមកផ្គត់ផ្គងរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែលឿន ខណៈកាប៉ាល់ដឹកជញ្ជូនវត្ថុធាតុដើមមកពីចិនបានមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន៣៤៥៨នាក់នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ឱ្យដឹងថា រដ្ឋាភិបាលចិនបានផ្តល់កាប៉ាល់ចំនួន៧ ជាមធ្យោបាយដឹកជញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជា ខណៈដែលកាលពីយប់ថ្ងៃទី៩ ខែមីនា កាប៉ាល់ដឹកទំនិញដែលជាវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជាបានមកដល់កំពង់ផែក្រុងព្រះសីហនុដោយផ្ទុកចំនួនជាង៦០កុងតឺណ័រ។

សម្តេចតេជោថ្លែងថា “នេះជាកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ចិនក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា”។ សម្តេចតតេជោក៏បានសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេស ខាងកំពង់ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូននេះអោយដល់រោងចក្របានឆាប់រហ័សបំផុត។

សម្ដេចតេជោថ្លែងថា “កាប៉ាល់ចំនួន៧ ដែលដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់សង្វាក់ផលិតកម្មរោងចក្រនៅកម្ពុជា មានចំនួន៥ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយកាប៉ាល់ចំនួន២ទៀតនឹងចូលចតនៅកំពង់ផែហូជីមិញ សម្រាប់ផ្គត់ផ្គង់សង្វាក់ផលិតកម្មរោងចក្រដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតដែលមានកម្មករសរុបប្រមាណ ៣១០០០នាក់ និងរោងចក្រស្ថិតនៅក្នុងខេត្តកំពង់ចាមមានចំនួនកម្មករសរុបចំនួនជាង៤០០០នាក់ ដែលរោងចក្រទាំងនេះភាគច្រើនផលិតសម្ភារៈពេទ្យ”។

សម្ដេចតេជោបន្ថែមថា សម្រាប់កាប៉ាល់ទាំង៧នេះ នឹងដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រកាត់ដេរនៅកម្ពុជា ជាបន្តបន្ទាប់ក្នុងរង្វិលជុំ។ ដោយឡែក នៅពេលដែលវត្ថុធាតុដើមចូលមកដល់កំពង់ផែ មន្ត្រីពាក់ព័ន្ធ និងអជ្ញាធរត្រូវជួយសម្រួលក្នុងការដឹកជញ្ជូនចូលរោងចក្រ បើក្នុងលក្ខខណ្ឌចាំបាច់ត្រូវដឹកជញ្ជូននៅពេលថ្ងៃ អាចប្រើរថយន្តស៊ីរ៉ែនបើកផ្លូវតែម្ដង សំដៅដល់ការធានា និងជំរុញសង្វាក់ផលិតកម្មរបស់រោងចក្រ។

លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងកាលពីម្សិលមិញនេះថា មានសុខរួមសុខ មានទុក្ខរួមទុក្ខ គឺជាអត្ថន័យស្នូលនៃសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ហើយភាគីចិនកំពុងតែរិះរកវិធីសាស្រ្ត ដើម្បីពុះពាររាល់លំបាកក្នុងកិច្ចការមួយនេះ។

លោកបន្តថា ក្នុងនោះក្រសួងពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំកម្ពុជាកំពុងតែចាត់វិធានការសម្របសម្រួលធានាដល់ការផ្តល់ និងដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរនៅក្នុងប្រទេសកម្ពុជា។ សហគ្រាស និងបុគ្គលិកចិនតែងលើកឡើងថា ការលំបាកដែលបងប្អូនកម្ពុជាកំពុងតែជួបប្រទះ វាគឺជាការលំបាករបស់យើងទាំងអស់គ្នា សង្ឃឹមថាយើងអាចជួយដល់ប្រទេសកម្ពុជាដោយអស់ពីកម្លាំងកាយ និងចិត្ត។

ក្រុមហ៊ុនដឹកជញ្ជូនSITC CONTAINER LINES CAMBODIA, ក្រុមហ៊ុនដឹកជញ្ជូនCOSCO SHIPPING/ RCL, ក្រុមហ៊ុនដឹកជញ្ជូនOriental Overseas Container Line, ក្រុមហ៊ុនដឹកជញ្ជូនSINOTRANS / RCL និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត បានសហការរួមគ្នាជាកម្លាំងធានា ក្នុងការធានាបាននូវកិច្ចការដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរដោយអស់ពីលទ្ធភាព ដើម្បីសម្រួលដល់ការដឹកជញ្ជូនវត្ថុធាតុដើមច្រើនជាងគេមកកាន់កំពង់ផែក្នុងសប្តាហ៍នេះ។

ក្នុងនោះក្រុមហ៊ុនSITCដែលបានដឹកជញ្ជូនវត្ថុធាតុដើមជាង៦០កុងតឺណឺនឹងមកដល់កំពង់ផែខេត្តព្រះសីហនុមុនគេបង្អស់នាថ្ងៃចន្ទ ទី៩ ខែមីនានេះ។ រីឯភាគីកម្ពុជាវិញ នឹងជួយសម្រួលការចុះចតនៃកប៉ាល់ដឹកវត្តុធាតុដើមនេះក្នុងកំពង់ផែខេត្តព្រះសីហនុ, ជួយលើកកម្ពស់អត្រាប្រសិទ្ធភាពនៃការដាក់ទំនិញចុះនិងអត្រាប្រសិទ្ធភាពនៃការផ្តល់ទំនិញដល់អតិថិជននៅក្នុងកំពង់ផែផ្ទាល់ ជួយផ្តល់អាទិភាពក្នុងការបើកច្រកបៃតងសម្រាប់រៀបចំឯកសារបែបបទ, ជួយផ្តល់អាទិភាពក្នុងការដឹកជញ្ជូនកុងតឺនឺតាមរយៈរថយន្តស្ទូចដោយបានសម្រួលពីខាងគយ និងការរៀបចំផ្សេងទៀតផងដែរ។

លោក Wu Guoquanមានប្រសាសន៍ថា “យើងជឿជាក់ថាស្ថិតនៅក្រោមការគាំទ្រពីរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសហគ្រាសដែលពាក់ព័ន្ធ វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេររបស់ប្រទេសចិន នឹងដឹកជញ្ជូនមកដល់រោងចក្រកម្ពុជាបានយ៉ាងឆាប់រហ័ស ហើយការខាតបង់នៃភាគីកម្ពុជានឹងអាចធ្លាក់ដល់អត្រាទាបបំផុត វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជា នឹងឆ្លងផុតនូវដំណាក់កាលដ៏លំបាកមួយនេះបានយ៉ាងឆាប់រហ័ស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here