ដោយវុត្ថា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងារោងចក្រកាន់ដេរចំនួន ៧ ដែលស្នើសុំព្យួរការងារកាលពីពីមុនបានចាប់ផ្តើមដំណើរការឡើងវិវញ បន្ទាប់ពីទទួលបានវត្ថុធាតុដើមដែលទើបនឹងដឹកពីប្រទេសចិនមកដល់ប្រទេសកម្ពុជាកាលពីយប់មិញនេះ ។
លោក ហេង សួរ បានប្រាប់សារព័ត៌មាននៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ការមកដល់នៃវត្ថុធាតុដើមពីប្រទេសចិននេះ ជួយឱ្យរោងចក្រដែលព្យួរការងារមួយចំនួនចាប់ផ្តើមដំណើរការឡើងវិញផងដែរក្នុងនោះរោងចក្រដែលសុំព្យួរការងារចំនួន៧ដែលមានកម្មករសរុបប្រមាណ ១០,១០៣នាក់ ស្រ្តី ៩,១៧៣នាក់បានដំណើរការឡើងវិញ។
លោកថ្លែងថា “ការមកដល់នៃវត្ថុធាតុដើមទាំងនេះ វានឹងជួយឲ្យរោងចក្រដែលមិនទាន់ព្យួរកាន់តែអាចដំណើរការទៅមុខដោយមិនបាច់ព្យួរ។ ប្រសិនជាវាផ្គត់ផ្គង់ទៅរោងចក្រដែលព្យួរ គឺវានឹងធ្វើឲ្យរោងចក្រនោះបើកឡើងវិញ។ កង្វះវត្ថុធាតុដើមនេះ បានធ្វើឱ្យរោងចក្រចំនួន ៥០ព្យួរការងារ នាំឱ្យប៉ះពាល់កម្មករ និយោជិត ២០,៩៤០នាក់ ស្រ្តី ១៦,១៨៣នាក់”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវណ្ណដារ នៅថ្ងៃទី ១០ ខែមីនានេះបានឱ្យដឹងថា មិត្តចិនបានសម្របសម្រួលនាវាចំនួន៧គ្រឿងឱ្យដឹកវត្ថុធាតុដើមមកផ្គត់ផ្គង់នៅក្នុងរោងចក្រកាត់ដេរនៅកម្ពុជា ខណៈមានរោងចក្រមួយចំនួនសុំព្យួរការងារដែលបង្ករឡើងដោយខ្វះវត្ថុធាតុដើម និង ជំងឺកូវីត១៩។
បើតាមសម្តេចតេជោ នាវាទំាង ៧ គ្រឿនោះ នាវា ៥គ្រឿង នឹងដឹកទំនិញចូលកំពង់ផែក្រុងព្រះសីហនុ រីឯនាវាពីរទៀតដឹកវត្ថុធាតុដើមចូលទីក្រុងហូជីមិញ ប្រទេសវៀតណាម ហើយដឹកបន្តតាមរថយន្តទៅផ្គត់ផ្គង់រោងចក្រនានានៅក្រុងបាវិត ខេត្តស្វាយរៀង និងបន្តដឹកហូតដល់មានការបញ្ចប់ជំងឺកូវីដ១៩ ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការពន្លឿនការដឹកវត្ថុធាតុដើមពីចិនមកកាន់ប្រទេសកម្ពុជានេះ គឺកើតចេញពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ជាពិសេសភាពជាដៃគូទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
នាវាដឹកវត្ថុធាតុដើមប្រមាណ ១៩១ទូបានចូលមកដល់ប្រទេសកម្ពុជាហើយនៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដើម្បីផ្គត់ផ្គង់នៅតាមរោងចក្រនានា។ វត្ថុធាតុដើមទាំងនេះ បានធ្វើឱ្យរោងចក្រព្យួរការងារចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗហើយ។ ជំងឺកូវីត១៩ដែលវាយលុកនៅក្នុងប្រទេសចិន បានធ្វើឱ្យរអាក់រអួលដល់ការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិន និងនាំឱ្យអាកខានដល់ដំណើរការរោងចក្រនៅក្នុងប្រទេសកម្ពុជាផងដែរ៕






