ដោយវុត្ថា
ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួងស្រេង បានសម្រេចឱ្យស្ថាបនាគម្រោងរៀបចំផ្លូវថ្មើរជើង នៅតាមបណ្តោយទន្លេចតុមុខ ចាប់ពីប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីបង្កើនសោភណភាពក្នុងការទាក់ទាញទេសចរណ៍បន្ថែម បន្ទាប់ពីសិក្សារួចរាល់។

លោកឃួង ស្រេងបានថ្លែងបើកកិច្ចប្រជុំស្ដីពី គម្រោងរៀបចំផ្លូវថ្មើរជើងក្នុងក្របខណ្ឌរាជធានីភ្នំពេញជាមួយមន្ត្រីពាក់ពា័ន្ធនាថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០នេះបានសម្រេចឯកភាពតាមគម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយបែងចែកចេញជាបីដំណាក់កាលក្នុងការស្ថាបនាគម្រោងមួយនេះ។
លោកអភិបាលក្រុងរូបនេះថ្លែងថាថា “គម្រោងបង្កើតផ្លូវថ្មើរជើងនេះ នឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មី សម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងរាជធានីភ្នំពេញបានកាន់តែច្រើន”។ លោកថា“ផ្លូវថ្មើរជើងនេះ ភ្ញៀវទេសចរអាចមានជម្រើសដើរលេងកម្សាន្តច្រើន ដូចជានៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ សួនកុមារ ប្រៃសណីយ៍ ផ្សាររាត្រី តំបន់ទេសភាពមាត់ទន្លេដ៏ស្រស់ស្អាត វត្តឧណ្ណាលោម សារមន្ទីរជាតិ ព្រះបរមរាជវំាង ដែលធ្វើឲ្យភ្ញៀវដើរទស្សនាកម្សាន្ត សប្បាយប្រកបដោយភាពរីករាយ”។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានឲ្យដឹងថា ក្រុមការងារត្រៀមកែលម្អផ្លូវ ចិញ្ចើមផ្លូវ សួនច្បារ ដាំដើមឈើ និងភ្លើងលម្អពណ៌នាពេល រាត្រី រួមទំាង ផ្សារាត្រី ផាប់ស្ទ្រីត ផ្សារណាត់ ផ្សារកសិផល ក្លឹបកម្សាន្ត ស្កាយបា កន្លែងលក់វត្ថុអនុស្សាវរីយ ផលិតផលកសិកម្ម ចំណតយានយន្ត និងចំណតផែទូកទេសចរណ៍ ដែលឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើតផ្លូវថ្មើរជើង ប្រកបដោយភាពទាក់ទាញ។
លោកបន្តថា “គម្រោងកែលម្អទំាងនេះ គឺមានភាពបន្ស៊ីគ្នា ដែលធានាបានសុខដុមនីយកម្ម រវាងវិស័យទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង គឺធានាបានសណ្តាប់ធ្នាប់ ចរាណ៍ និងមិនរំខាន់ដល់ផ្លូវថ្មើរជើង”។

បើតាមគម្រោង កញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះអាចបង្កើតឡើង ក្នុងមួយសប្តាហ៍ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចាប់ពីម៉ោង១៦រសៀល ដល់ម៉ោង១២យប់ ហើយមិនអនុញ្ញាតឲ្យមានយាន្ត ជំនិះផ្សេង ឆ្លងកាត់ឡើយ គឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណោះ។ គម្រោងបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងនេះ បានធ្វើឡើង ក្រោមកិច្ចសហការ រវាងរដ្ឋបាលសាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ក្រោមការចង្អុលបង្ហាញពីលោកឧបនាយករដ្ឋមន្រី្ត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕






