ការសិក្សាៈកម្ពុជាលែងជាប្រទេសដែលការចំណាយសំរាប់ការរស់នៅមានតម្លៃ ទាបបំផុតទៀតហើយ

0

ដោយ ប៊ី

ភ្នំពេញៈ កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាជាកន្លែងមួយ ក្នុងចំណោមកន្លែងដែលផ្តល់ការរស់នៅមានតំលៃទាបបំផុត នៅលើពិភពលោកទៀតហើយ វាត្រូវបានលើកឡើងជាសំនួរ។ នេះបើយោងតាមការស្ទង់មតិមួយធ្វើឡើងដោយទស្សនាវដ្តី CEOWORLD ដែលជាការបោះពុម្ភអាជីវកម្មឈានមុខគេ។

ការសិក្សាដែលទើបនឹងចេញថ្មី បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាលេខ៥៩ ក្នុងចំណោម១៣២ប្រទេស ទាក់ទងនឹងថ្លៃនៃការរស់នៅ (ថ្លៃជាងគេគឺ១៣២ ថ្លៃជាងគេ)។ មូលដ្ឋានសម្រាប់ចំណាត់ថ្នាក់ រួមមាន អំណាចទិញក្នុងស្រុក ថ្លៃនៃការរស់នៅ ថ្លៃជួល ថ្លៃគ្រឿងទេស និងបរិភោគខាងក្រៅ។

ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជា ស្ថិតនៅលើប្រទេស ដែលមានអ្នកមានច្រើនដូចជា សាធារណរដ្ឋឆែក ប៉ូឡូញ ចិន ម៉ាឡេស៊ី លីទុយអានី ស្លូវ៉ាគី និងអាហ្វ្រិកខាងត្បូង។ ការមូលមតិជាទូទៅគឺថា ថ្លៃនៃការរស់នៅច្រើនតែត្រូវគ្នា ទៅនឹងជំហរសេដ្ឋកិច្ចរបស់ប្រទេសមួយ។

ការរកឃើញរបស់ទស្សនាវដ្តី CEOWORLD ត្រូវបានគាំទ្រដោយការសិក្សាមុននេះពីGOBankingRates ដែលបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា លំដាប់ទី៩៧ ទូទាំងពិភពលោកទាក់ទងនឹងថ្លៃនៃការរស់នៅ។

កាលពីប៉ុន្មានឆ្នាំមុន កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសមួយក្នុងចំនោមប្រទេសដែលមានថ្លៃនៃការរស់នៅទាបបំផុត។ នេះបើយោងតាមការសិក្សា ដែលធ្វើឡើងដោយ អង្គភាព International Living។

លោក Frederic Chan នាយកប្រតិបត្តិនៅក្រុមហ៊ុន ANG Group Property Investment & Development បានមានប្រសាសន៍ថា លោកមិនមានការភ្ញាក់ផ្អើលទេចំពោះលទ្ធផលនៃការស្ទង់មតិនេះ។ លោកបានមានប្រសាសន៍ថា “វាគឺជាផលនៃកំនើនវិនិយោគ និងវត្តមានរបស់ចិននៅកម្ពុជា”។

លោកបានបន្តថា “ទន្ទឹមនឹងកំណើនវិនិយោគចិន ចំនួនប្រជាជនចិននៅទីនេះ ក៏មានការកើនឡើងដែរ។ តម្រូវការផលិតផល និងសេវាកម្មក៏កំពុងកើនឡើងដែរ។ នោះអាចពន្យល់ពីការកើនឡើងនូវថ្លៃ នៃការរស់នៅក្នុងទីក្រុង ដែលមានប្រជាជនចិនជាច្រើន រួមមានខេត្តព្រះសីហនុ សៀមរាប និងភ្នំពេញ។ នេះត្រូវអនុវត្តន៍លើវិស័យជាច្រើន ដូចជាបដិសណ្ឋារកិច្ចទ្រព្យសម្បត្តិ និងស្បៀងអាហារ”។

លោកបាននិយាយថា “ការវិនិយោគជាទូទៅល្អ ហើយបង្ហាញពីការជឿទុកចិត្តចំពោះសេដ្ឋកិច្ចរបស់ប្រទេសមួយ ក្នុងចំណោមអាជីវកម្មបរទេស។ ប៉ុន្តែពួកគេគួរតែត្រូវបានគ្រប់គ្រង និងតាមដានឱ្យបានល្អ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here