ដោយៈ រ៉ាណេត
ភ្នំពេញៈ តបតាមការស្នើសុំរបស់កម្ពុជា រដ្ឋាភិបាលជប៉ុនបានយលព្រមផ្តល់នូវជំនួយឥតសំណងចំនួន២០លានដុល្លារ សម្រាប់ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ។

មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សាការងារ ក្នុងនាមជាប្រទេសដៃគូអភិវឌ្ឍន៍ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០កន្លងមក លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ប្រាប់លោក MI KA MI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាថា វិស័យទឹកស្អាតប្រទេសជប៉ុន បានដើរតួយ៉ាងសំខាន់ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានទឹកស្អាតប្រើប្រាស់តែងនឹកឃើញដល់មិត្តជប៉ុន ជាពិសេសនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តធំៗ សំខាន់ៗជាច្រើន ដូចជា ខេត្តសៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ កំពង់ចាម កណ្តាល ជាដើម។
លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា “កម្ពុជាពិតជានៅត្រូវការការអភិវឌ្ឍន៍វិស័យទឹកស្អាតនេះបន្ថែមទៀត និងរីករាយក្នុងការទទួលជំនួយឥតសំណង ជំនួយហិរញ្ញប្បទាន និងការវិនិយោគទ្រង់ទ្រាយធំ ដើម្បីផលិតលក់ដុំបន្តដល់អាជីវករលក់រាយ ពីព្រោះទស្សន:វិស័យរបស់ក្រសួង បានគិតគូរមិនត្រឹមតំបន់រាជធានីភ្នំពេញ ដែលកំពុងរីកដែនដីរដ្ឋបាលរបស់ខ្លូន និងតំបន់ទីប្រជុំជនប៉ុណ្ណោះទេ។ ប៉ុន្តែយើងក៏ត្រូវគិតដល់ការអភិវឌ្ឍវិស័យទឹកស្អាតដល់ទីជនបទ តាមគ្រប់លទ្ធភាព ដើម្បីសម្រេចបាននូវគោលនយោបាយស្តីពី ទឹកស្អាតរបស់រាជរដ្ឋាភិបាលផង និងគោលដៅអភិវឌ្ឍប្រកបដោយនចីរភាពរបស់អង្គការសហប្រជាជាតិ ដែលកំណត់យកឆ្នាំ២០៣០ ប្រជាពលរដ្ឋសាកលនឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្នា។
ជាការឆ្លើយតប លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនដំណឹងដ៏ល្អថា គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ភូមិព្រែក ក្រុងភ្នំពេញ ដែលភាគីកម្ពុជាស្នើសុំជាហិរញ្ញប្បទាន ក្នុងទឹកប្រាក់ប្រមាណជាង២០លានដុល្លារសហរដ្ឋអាមេរិកនោះ ឥឡូវសំណើរនេះរាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជាជំនួយឥតសំណងវិញ ដើម្បីជួយអភិវឌ្ឍន៍វិស័យទឹកស្អាតរាជធានីភំ្នពេញ ដែលកំពុងរីកលូតលាស់ ជាពិសេស ស្របពេលដែលរាជធានីត្រូវបានពង្រីកវិសាលភាពផ្ទៃដីរដ្ឋបាលកាន់តែធំឡើង ។
លោកក៏បានបង្ហាញនូវការចាប់អារម្មណ៍ លើការអភិវឌ្ឍន៍វិស័យទឹកស្អាតតាមទីប្រជុំជន និងតំបន់ជនបទស្របតាមទស្សន:វិស័យរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មផងដែរ ៕






