GMAC ៖ កប៉ាល់ដឹកវត្ថុធាតុដើមមកពីចិន១២គ្រឿងទៀតនឹងមកដល់កម្ពុជា នៅចុងសប្តាហ៍នេះ

0

ដោយវុត្ថា

ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)បានរំពឹងថា កប៉ាល់ដឹកវត្ថុធាតុដើមពីប្រទេសចិន មកផ្គត់ផ្គង់សម្រាប់រោងចក្រកាត់ដេរ១២គ្រឿងបន្ថែមទៀត នឹងមកដល់កម្ពុជានៅក្នុងថ្ងៃទិត្យចុងសប្តាហ៍នេះ ស្របពេលដែលមានការសម្របសម្រួលពីភាគីរដ្ឋាភិបាលកម្ពុជា និងចិន។

យោងតាមសេចក្តីជូនដំណឹងស្តីពី ការមកដល់នៃវត្ថុធាតុដើមសម្រាប់បម្រើឱ្យវិស័យកាត់ដេរ និងវិធានការសម្របសម្រួលពិសេសរបស់រាជរដ្ឋាភិបាលរបស់ GMAC ចេញផ្សាយនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ នេះបានឱ្យដឹងថា ក្រោមកិច្ចអន្តរាគម៍ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលទៅកាន់ភាគីចិន វត្ថុធាតុដើមសម្រប់បម្រើឱ្យវស័យកាត់ដេរ ត្រូវបានដឹកមកដល់កំពង់ផែស្វ័យត ក្រុងព្រះសីហនុជាបណ្តើរៗហើយ កាលពីវេលាម៉ោង១១ និង ២៥ នាទីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២០ តាមរយៈនាវាដឹកជញ្ជូនឈ្មោះ SITC Fujian ។

GMAC ឱ្យដឹងថា “រហូតដល់ថ្ងៃទិត្យចុងសប្តាហ៍នេះយើងរំពឹងថា មានកប៉ាល់ចំនួន ១២គ្រឿង នឹងចូលចតនៅកំពង់ផែក្រុងព្រះសីសហនុ ជាមួយនឹងវត្ថុធាតុដើមបន្ថែមទៀត”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន៣៤៥៨នាក់នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ ជួយសម្រួលការដឹកជញ្ជូនវត្ថុធាតុដើម ដើម្បីយកមកផ្គត់ផ្គងរោងចក្រកាត់ដេរ នៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែលឿន ខណៈកប៉ាល់ដឹកជញ្ជូនវត្ថុធាតុដើមមកពីចិន បានមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។

សម្តេចតេជោថ្លែងថា “នេះជាកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា”។ សម្តេចតតេជោបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសខាងកំពង់ផែនិងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូ​ននេះអោយដល់រោងចក្របានឆាប់រហ័សបំផុត”។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  លោក ហេង សួរ បានឱ្យដឹងកាលពីម្សិលមិញនេះដែរថា រោងចក្រកាន់ដេរចំនួន៧ ដែលស្នើសុំព្យួរការងារកាលពីពីមុនបានចាប់ផ្តើមដំណើរការឡើងវិវញ បន្ទាប់ពីទទួលបានវត្ថុធាតុដើមដែលទើបនឹងដឹកពីប្រទេសចិនមកដល់ប្រទេសកម្ពុជា។

បើតាមលោក ហេង សួរ កង្វះវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជាដែលបង្កឡើងដោយជំងឺកូវីដ១៩នៅក្នុងប្រទេសចិននេះ បានធ្វើឱ្យរោងចក្រចំនួន៥០ស្នើសុំព្យួរការងារ ដែលនាំឱ្យប៉ះពាល់កម្មករ និយោជិត២០,៩៤០នាក់ ស្រ្តី ១៦,១៨៣នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here